
មន្ទីរធម្មការខេត្តតាកែវ បដិសេធករណីបណ្តេញសាមណេរ ៥អង្គចេញពីវត្តទ្រព្យគរ ក្រោយភិក្ខុមួយអង្គវាយសាមណេរបែកព្រះកេស
តាកែវ៖ មន្ទីរធម្មការ និងសាសនាខេត្តតាកែវ បានចេញសេចក្តីបំភ្លឺបដិសេធពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានករណីព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត បណ្តេញព្រះសង្ឃចំនួន ៥អង្គចេញពីវត្តទ្រព្យគរ បន្ទាប់ពីភិក្ខុ នួន ឆានី បានយកចានបាយមកវាយសាមណេរ ពេជ សាវុធ បង្កអោយមានរបួសស្នាម ត្រង់ព្រះកេសយ៉ាងធ្ងន់ធ្ងរ និងប្រាសចាកគុណតម្លៃព្រះពុទ្ធសាសនា។
សេចក្តីបំភ្លឺរបស់មន្ទីរធម្មការនិងសាសនាខេត្តតាកែវ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថាមានសារព័ត៌មាន និងបណ្ដាញសង្គមបានផ្សព្វផ្សាយថា ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត បណ្តេញព្រះសង្ឃចំនួន៥អង្គ។ បន្ទាប់មកមន្ទីរសាសនាបានសហការជាមួយរដ្ឋបាលស្រុកបាទី និង អាជ្ញាធរពាក់ព័ន្ធចុះសិក្សាត្រួតពិនិត្យស្រាវជ្រាវដល់ទីកន្លែងផ្ទាល់ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឃើញថា សាមណេរទាំង៤ព្រះអង្គដែលនិមន្តទៅថែទាំជម្ងឺព្រះអង្គ ព្រះនាមពេជ សាវុធចំនួន២ថ្ងៃ បន្ទាប់មកព្រះអង្គទាំងអស់អង្គ ក៏បាននិមន្តមកគង់នៅវត្តទ្រព្យគរវិញតាំងពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។
មន្ទីរធម្មការនិងសាសនាខេត្តតាកែវបានបញ្ជាក់ថា ចំពោះករណីបណ្ដេញសាមណេរទាំង៥អង្គឲ្យចាកចេញពីវត្តទ្រព្យគរនោះគឺ មិនពិតឡើយ ដោយបច្ចុប្បន្ននេះសាមណេរទាំង៥អង្គ កំពុងគង់នៅក្នុងវត្តទ្រព្យគរជាធម្មតា។
គួរឱ្យដឹងដែរថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅវត្តទ្រព្យគរ ស្ថិតនៅឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានអធិករណ៍មួយកើតឡើងដោយភិក្ខុ នួន ឆានី បានយកចានបាយមកវាយសាមណេរ ពេជ សាវុធ បង្កអោយមានរបួសស្នាម ត្រង់ព្រះកេសយ៉ាងធ្ងន់ធ្ងរ ដែលបង្កឲ្យបាត់បង់នូវគុណតម្លៃព្រះពុទ្ធសាសនា និងជាគំរូមិនល្អដល់ភិក្ខុសង្ឃដ៏ទៃទៀត។ ដូច្នេះព្រះមន្ត្រីសង្ឃស្រុកសម្រេចឲ្យភិក្ខុ នួន ធានី លាចាកសិក្ខាបទតែម្ដង បន្ទាប់មកប្រគល់ជនសង្ស័យឲ្យសមត្ថកិច្ចស្រុកបាទីដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការទៅតាមនីតិវិធីច្បាប់៕