ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះ បានដាក់ចេញវិធានការយ៉ាងតឹងរ៉ឹង ដើម្បីការពារសត្វផ្សោតមិនឱ្យបាត់បង់បន្តថែមទៀត ខណៈបច្ចុប្បន្ននៅក្នុងខេត្តក្រចេះ មានសត្វផ្សោតប្រមាណ ៥០-៥៥ក្បាលទៀតប៉ុណ្ណោះ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក ទ្រី សុភក្តិ លើកឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តក្រចេះ» ថារដ្ឋបាលខេត្តបានដាក់ចេញវិធានការដូចជា បង្កើនឆ្មាំការពារ រហូតដល់ ៤៤នាក់ ប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង ប៉ុស្ដិ៍ត្រួតពិនិត្យចំនួន១១ នៅលើទន្លេមេគង្គ ដែលមានប្រវែងជាង ៨០គីឡូម៉ែត្រក្នុងមូលដ្ឋានខេត្តក្រចេះ និងបំពាក់ម៉ាស៊ីនទូកដែលមានល្បឿនលឿនជាងអ្នកប្រព្រឹត្តបទល្មើសជាដើម។
លោកបានឱ្យដឹងថា ក្រោយពីដាក់វិធានការការពារនៅតំបន់អភិរក្សសត្វផ្សោត គឺមិនមានការស្លាប់នៃសត្វផ្សោតទៀតនោះទេ ដោយកន្លងមកមានសត្វផ្សោតជាបន្តបន្ទាប់ស្លាប់នៅតំបន់កាំពី ដូច្នេះមន្ដ្រីបានប្រមូលផ្ដុំទៅកាន់ទីនោះដើម្បីបង្រ្កាប និងទប់ស្កាត់នៅតំបន់នោះ ហើយអាជ្ញាធរក៏បានចុះស្រាយមង និងសន្ទូចរនង បានដល់រាប់ម៉ឺនម៉ែត្រកន្លងមក។
លោកបន្ថែមឱ្យដឹងទៀតថា ថ្មីៗនេះអាជ្ញាធរខេត្តក្រចេះក៏បានស្រង់ទិន្នន័យអ្នកនេសាទខុសច្បាប់នៅតាមដងទន្លេខេត្តក្រចេះចំនួន ១ ៣៨៨នាក់ ហើយរដ្ឋមន្ដ្រីក្រសួងកសិកម្មក៏បានចុះទៅពង្រឹងគុណភាពឆ្មាំបន្ដបន្ថែមទៀតដើម្បីបង្ការ និងទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាព។
លោក ទ្រី សុភក្ដិ បានឱ្យដឹងទៀតថា លោកបានណែនាំឲ្យរដ្ឋបាលជលផល ចុះពិនិត្យការសាងសង់ផ្ទះទឹក និងចិញ្ចឹមត្រីនៅតំបន់អភិរក្សផ្សោត និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះបានមួយចំនួន ហើយនឹងបន្តការងារនេះទៅទៀត។
គួរឱ្យដឹងដែលថា អង្គការ WWF ធ្លាប់បានប្រកាសអាសន្នពីការស្លាប់ជាបន្តបន្ទាប់ នៃសត្វផ្សោតទន្លេមេគង្គ ខណៈនៅឆ្នាំ២០២២នេះ មានសត្វផ្សោតស្លាប់រហូតដល់ទៅ១១ក្បាល ហើយផ្សោតដែលស្លាប់ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ មានចំនួនសរុប ២៩ក្បាល។ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏ធ្លាប់បានបញ្ជាដល់ក្រសួងកសិកម្ម និងអាជ្ញាធរខេត្តក្រចេះ ស្ទឹងត្រែង រៀបចំធ្វើយ៉ាងណាការពារជីវិតសត្វផ្សោតទឹកសាបពីការគំរាមកំហែង បន្ទាប់ពីឃើញមានសត្វផ្សោតស្លាប់ជាបន្តបន្ទាប់ដោយសារសកម្មភាពរបស់មនុស្ស៕