ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្តេចក្រឡាហោម ស ខេង បានប្រាប់ឱ្យអាជ្ញាធរចុះត្រួតពិនិត្យលើយានដ្ឋានជួសជុលរថយន្តដែលគ្មានច្បាប់អនុញ្ញាត និងគ្មានវិជ្ជាជីវៈត្រឹមត្រូវ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាឱ្យអាជ្ញាធរប្រសិនរកឃើញថាយានដ្ឋានជួសជុលរថយន្តណាបើកដំណើរការដោយគ្មានច្បាប់ត្រឹមត្រូវ គឺត្រូវបិទជាបន្ទាន់។
សម្តេច ស ខេង បានលើកឡើងនៅកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ដូច្នេះថា៖ «ខ្ញុំសូមគាំទ្រឱ្យបិទ ហើយបើគាត់រត់មករកច្បាប់ យើងអាចពិនិត្យបានដែរ ប៉ុន្តែយើងកំណត់ឱ្យគាត់ត្រូវតែមានជំនាញពិតប្រាកដដើម្បីធានាគុណភាព»។
សម្តេច ស ខេង មានប្រសាសន៍ថា ការជួសជុលរថយន្តដោយមិនស្របតាមវិជ្ជាជីវៈ និងគ្មានច្បាប់ត្រឹមត្រូវ នោះនឹងបង្កឱ្យរថយន្តមានបញ្ហានាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។
សម្តេចក្រឡាហោម បានជំរុញឱ្យអាជ្ញាធរណែនាំ និងផ្សាព្វផ្សាយពីច្បាប់ចរាចរណ៍ដល់ពលរដ្ឋឱ្យបានទូលំទូលាយដើម្បីឱ្យពលរដ្ឋខ្លាចច្បាប់ជាជាងខ្លាចប៉ូលិសចរាចរណ៍។ ជាមួយគ្នានេះសម្តេច ស ខេង ក៏បានប្រាប់ឱ្យអាជ្ញាធររាជធានីខេត្តធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ខណៈនៅមានរថយន្តជាង ១៧ម៉ឺនគ្រឿងទៀតមិនទាន់ទៅពិនិត្យឆៀកនៅឡើយទេ៕