ក្រសួងទេសចរណ៍ណែនាំអភិបាលរាជធានី-ខេត្ត រៀបចំសមាគមដើម្បីធានាសុវត្ថិភាពដល់នារីបម្រើសេវាកម្សាន្ត
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានណែនាំឱ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់រៀបចំសមាគមក្លឹបកម្សាន្តខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន តាមរាជធានី-ខេត្តនីមួយៗ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការគ្រប់គ្រងបុគ្គលិកនារីបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ក្រសួងទេសចរណ៍បានណែនាំឱ្យរដ្ឋបាលរាជធានីខេត្តពង្រឹងយន្តការគ្រប់គ្រងអាជីវកម្ម ដោយជំរុញឱ្យអាជីវកម្ម ខារ៉ាអូខេ រង្គសាល-ឌីស្កូត និងបៀរហ្កាឌិន ទាំងអស់ត្រូវស្នើសុំអាជ្ញាបណ្ណទេសចរណ៍ ដោយតម្រូវឱ្យមានភ្ជាប់បញ្ជីឈ្មោះ និងទិន្នន័យជាក់លាក់ របស់បុគ្កលិក ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងបុគ្គលិកនារីបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពង្រឹងយន្តការគ្រប់គ្រងអាជ្ញាបណ្ណទេសចរណ៍ ដោយបញ្ជូលប្រព័ន្ធទិន្នន័យ QR Code ក្នុងសន្លឹក អាជ្ញាបណ្ណដែលផ្តល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយប្រើប្រាស់ប្រព័ន្ធវេបសាយ Website (www.cambodiatourismindustry.org)។
បន្ថែមពីនេះ ក្រសួងក៏ណែនាំឱ្យក្លឹបកម្សាន្តនានាត្រូវស្នើសុំស្ដង់ដារចំណាត់ថ្នាក់មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ដើម្បីធានាបាននូវគុណភាពសេវាកម្ម សន្តិសុខ សុវត្ថិភាពភ្ញៀវ និងការរៀបចំលក្ខណៈបច្ចេកទេសរបស់អាជីវកម្មក្នុងការបង្ការហានិភ័យផ្សេងៗដូចជាគ្រោះអគ្គីភ័យដែលអាចកើតមានឡើងជាយថាហេតុ។
ក្រសួងទេសចរណ៍ចេញសេចក្តីណែនាំនេះស្របតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលគិតគូរយកចិត្តទុកដាក់លើនារីដែលបម្រើសេវាកម្មកម្សាន្តធានាឱ្យពួកគេមានសុវត្ថិភាពក្នុងម៉ោងការងារ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏មានគំនិតក្នុងការផ្តល់មេធាវីការពារនារីបម្រើការងារក្នុងវិស័យសេវាកម្សាន្ត និងផ្តល់បណ្ណ ប.ស.ស. ដល់ពួកគេផងដែរ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកស្រី ហ៊ុន ដានី បានថ្លែងនៅក្នុងកិច្ចប្រជុំពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្ម និងបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ថា ការពង្រឹងអាជីវកម្មទេសចរណ៍នេះធ្វើឡើងដើម្បីឱ្យស្ត្រីដែលបម្រើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធបញ្ចៀសពីការរើសអើង និងលើកកម្ពស់ស្ថានភាពការងារ និងមុខរបរ។
លោកស្រី ហ៊ុន ដានី បានលើកឡើងថាក្រសួងទេសចរណ៍បានចាត់ទុកស្ត្រីជាកម្លាំងចលករដ៏មានសក្តានុពលនិងជាភាគីពាក់ព័ន្ឋមិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច។
រដ្ឋលេខាធិការក្រសួងទេសចរណ៍បន្តថា ស្ត្រីដែលបម្រើការក្នុងវិស័យទេសចរណ៍មានការគាំពារដោយច្បាប់ស្តីពីទេសចរណ៍ ដោយច្បាប់នេះមិនត្រឹមតែបង្កើតឡើងដើម្បីធានាការគ្រប់គ្រងនិងអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកថែរក្សាការពារធនធានធម្មជាតិ វប្បធម៌ ទំនៀមទម្លាប់ ជាពិសេសធានាឱ្យស្ត្រី និងកុមារមានសុវត្ថិភាព សេចក្តីថ្លៃថ្នូរ ចៀសផុតពីការរើសអើង ការរំលោភបំពាន ការកេងប្រវ័ញ្ច ការជួញដូរ។ល។
សូមបញ្ជាក់ថា នៅទូទាំងប្រទេសមានអាជីវកម្មក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិនសរុបមានចំនួន ៩២៨អាជីវកម្ម ក្នុងនោះអាជីវកម្មខារ៉ាអូខេមានចំនួន ៧៥៩អាជីវកម្ម រង្គសាល-ឌីស្កូតែកមានចំនួន ៦៩អាជីវកម្ម អាជីវកម្មបៀរហ្កាឌិនមានចំនួន ១០០អាជីវកម្ម ។
ចំពោះអាជីវកម្មម៉ាស្សា-ស្ប៉ា មានសរុបចំនួន ៤១៩អាជីវកម្ម ដែលស្មើនឹង ៣ ២២២គ្រែ។ ចំនួនបុគ្គលិកបម្រើការក្នុងអាជីវកម្មក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិនសរុបមានចំនួន ២៤ ១២៥នាក់ ក្នុងនោះស្រីចំនួនស្រី ១៤ ៦៤១នាក់៕