ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៣ ដល់ ២៩ ខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៦០ម៉ឺននាក់ ក្នុងនោះគោលដៅទេសចរណ៍សំខាន់ៗមានចំនួន ៨រាជធានី-ខេត្ត ដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ។
តាមរបាយការណ៍ក្រសួងទេសចរណ៍នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឱ្យដឹងថានៅទូទាំងប្រទេសកម្ពុជា គិតចាប់ពីថ្ងៃទី ២៣-២៩ ខែមករា ឆ្នាំ២០២២៣ ទទួលបានភ្ញៀវទេសចរសរុបមានចំនួន ៦០៦ ១៧៥នាក់ និងភ្ញៀវបរទេស ៤៩ ៥៩២នាក់។
របាយការណ៍ដដែលបានឱ្យដឹងទៀតថាគោលដៅទេសចរណ៍សំខាន់ៗ ដែលទទួលបានភ្ញៀវទេសចរច្រើនជាងខេត្តផ្សេងទៀត ខេត្តកំពត ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ចាម រាជធានីភ្នំពេញ ខេត្តប៉ៃលិន និងខេត្តកែប ខណៈខេត្តព្រះសីហនុមានភ្ញៀវទេសចរណ៍ច្រើនជាងគេចំនួន ១៨៤ ៩២៩នាក់។
ក្រសួងទេសចរណ៍បញ្ចាក់ថា ចំនួនភ្ញៀវទេសចរប្រមាណ ៦០ម៉ឺននាក់ក្នុងសប្តាហ៍កន្លងមកនេះ គឺបានមកពីចរន្តភ្ញៀវទេសចរដែលបានដើរកម្សាន្តនារយៈពេល ២ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំចិន (ថ្ងៃចន្ទ និងអង្គារ) ដោយរយៈពេល ៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន កម្ពុជាទទួលភ្ញៀវសរុប្រមាណ ១លាននាក់។
គួរឱ្យដឹងដែរថា ការបន្តកើនឡើងនៃចរន្តភ្ញៀវទេសចរក្នុងស្រុកនាដើមឆ្នាំ២០២៣នេះ កំពុងបង្ហាញសញ្ញាវិជ្ជមានជាមួយការមកដល់ជាបន្តបន្ទាប់នៃភ្ញៀវទេសចរអន្តរជាតិ ខណៈរដ្ឋាភិបាលចិនអនុញ្ញាតឱ្យប្រជាជនចេញក្រៅប្រទេសឡើងវិញ ដោយអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ បានទទួលជើងហោះហើរលើកដំបូងមកពីប្រទេសចិន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ជាមួយវត្តមានភ្ញៀវទេសចរចំនួន ១០៤នាក់ និងក្រុមអ្នកបម្រើការលើយន្តហោះ ៦នាក់ទៀត សរុប ១២០នាក់៕