បុរសម្នាក់ត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគារ ២០៨ឆ្នាំ ពាក់ព័ន្ធហេតុការណ៍រលំអគារសាលារៀននៅម៉ិកស៊ិក
ម៉ិកស៊ិក៖ ព្រះរាជអាជ្ញានៅតុលាការប្រទេសម៉ិកស៊ិក បានឱ្យដឹងថា បុរសម្នាក់ត្រូវបានប្រកាសកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០៨ឆ្នាំ ក្រោយពីមានកំហុសឆ្គងក្នុងការអនុម័តឱ្យសាងសង់សំណង់ការងារដែលមានកំហុសបច្ចេកទេស ហើយអគារនោះត្រូវបានប្រើប្រាស់ជាសាលារៀន ដោយក្រោយមកត្រូវបានបាក់រលំដោយសារហេតុការរញ្ជួយដីមួយ និងមានមនុស្សចំនួន ២៦នាក់បានស្លាប់ក្នុងហេតុការណ៍នោះ។
គួរបញ្ជាក់ថា ហេតុការណ៍រញ្ជួយដីក្នុងកម្រិត ៧,១រិចទ័រនោះបានកើតឡើងតាំងពីឆ្នាំ២០១៧ ដែលបានបណ្តាលឱ្យមនុស្ស ២៦បាត់បង់ជីវិត ក្នុងនោះមាន ១៩នាក់ជាកុមារ ដែលទីតាំងបាក់អគារនោះជាអនុវិទ្យាល័យឯកជនមួយឈ្មោះ Rebsamen។
បុរសដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២០៨ ឆ្នាំនេះមានឈ្មោះថា Juan Mario Velarde ដែលត្រូវបានគេឱ្យដឹងថាជានាយកទទួលបន្ទុកផ្នែកសាងសង់អគារនេះ បានអនុម័តលើការងារសាងសង់នេះដោយមិនបានធ្វើតេស្តបញ្ជាក់ពីសុវត្ថិភាព ថែមទាំងមិនបានពិនិត្យឱ្យជាក់លាក់លើគម្រោងនេះ បើទោះជាមានការសង្ស័យមួយចំនួនអំឡុងពេលសាងសង់ក៏ដោយ។ គាត់ត្រូវបានតុលាការប្រកាសផ្តន្ទាទោសពីដោយចោទប្រកាន់ពីបទ "ឧក្រិដ្ឋកម្មដែលនាំឱ្យស្លាប់បាត់បង់ជីវិតមនុស្សចំនួន ២៦នាក់"។
ក្រៅពីនោះ ម្ចាស់អគារ និងជានាយិកាសាលានេះ លោកស្រី Monica Garcia Villegas ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៣១ឆ្នាំផងដែរ ក្រោយគេបានរកឃើញកំហុសលោកស្រីដោយបានសាងសង់បន្ទប់ស្នាក់នៅបែប Apartment បន្ថែមពីលើថ្នាក់រៀន ដោយទម្ងន់របស់វាក៏ប៉ះពាល់ និងជាផ្នែកមួយនៃការបាក់រលំអគារនេះដូចគ្នា៕