ប៉ាគីស្ថាន៖ ការបំផ្ទុះគ្រាប់បែកដ៏សាហាវក្នុងវិហារសាសនាអ៉ីស្លាមមួយ ក្នុងប៉ុស្តិ៍ប៉ូលិសមួយកន្លែងក្នុងប្រទេសប៉ាគីស្ថាននៅថ្ងៃចន្ទ ទី៣០ ខែមករាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥នាក់ ខណៈដែលមនុស្សប្រហែល ១២០នាក់ទៀតបានរងរបួស។ នេះបើតាមរបាយការណ៍បឋមពីមន្រ្តីក្នុងតំបន់។
ហេតុការណ៍វាយប្រហារនេះបានកើតក្នុងពេលបួងសួងថ្ងៃត្រង់ ស្ថិតនៅតំបន់ទីក្រុង Peshawar ភាគឥសាន្ត ប្រទេសប៉ាគីស្ថាន នៅជិតអតីតតំបន់កុលសម្ព័ន្ធដែលជាប់ព្រំដែនអាហ្វហ្គានីស្ថាន ជាកន្លែងដែលក្រុមសកម្មប្រយុទ្ធបាននឹងកំពុងកើនឡើងជាលំដាប់។
បើតាមការឱ្យដឹងពីប៉ូលិសក្នុងតំបន់បានឱ្យដឹងថា វិហារអ៉ីស្លាមនេះមានទីតាំងនៅជិតប្លុកប៉ុស្តិ៍ប៉ូលីស ហើយមានមនុស្សប្រហែល ២៦០នាក់នៅខាងក្នុងវិហារ នៅពេលដែលហេតុការណ៍បំផ្ទុះនេះបានកើតឡើង។ អ្នកយកព័ត៌មានបានរាយការណ៍ថា ផ្នែកខ្លះនៃដំបូល និងជញ្ជាំងវិហារនេះបានដួលរលំ ហើយអ្នកដែលនៅរស់រានមានជីវិតមានខ្លួនប្រឡាក់ពោរពេញដោយឈាមបានព្យាយាមវារចេញពីបំណែកគំនរបាក់បែក ខណៈអ្នករងគ្រោះ និងសាកសពដែលបានរកឃើញត្រូវបានដឹកចេញជាបន្តបន្ទាប់ដោយរថយន្តសង្គ្រោះបន្ទាន់។
លោក Muhammad Asim Khan អ្នកនាំពាក្យនៃមន្ទីរពេទ្យរដ្ឋក្នុងតំបន់បាននិយាយថា នេះគឺជាហេតុការណ៍អាសន្នមួយ ខណៈប៉ូលីសបាននិយាយថា មនុស្សជាច្រើននៅតែបន្តជាប់គាំងក្រោមគំនរបែកបាក់ ខណៈពេលដែលគ្រឿងចក្រធុនធ្ងន់ និងកងពន្លត់អគ្គីភ័យកំពុងធ្វើការយ៉ាងញាប់ដៃជើងក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ។
បើតាមប៉ូលិសដែលនៅកន្លែងកើតហេតុផ្ទាល់ និងបានរួចផុតជីវិតបានបញ្ជាក់ថា ការផ្ទុះបានកើតឡើងប៉ុន្មាននៅត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះបន្ទាប់ពីអាចារ្យបានចាប់ផ្តើមការធ្វើអធិស្ឋាន។ គួរឱ្យដឹងថា បញ្ហាផ្នែកសន្តិសុខដ៏ធ្ងន់ធ្ងរនេះបានកើតឡើងនៅថ្ងៃដែលប្រធានាធិបតីអារ៉ាប់រួម (UAE) លោក Mohamed bin Zayed Al Nahyan ត្រូវទៅបំពេញទស្សនកិច្ចនៅរដ្ឋធានី Islamabad ប្រទេសប៉ាគីស្ថាន បើទោះបីជាចុងក្រោយការធ្វើដំណើរនេះត្រូវបានលុបចោលវិញក៏ដោយ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសប៉ាគីស្ថានក៏គ្រោងរៀបចំធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍កិច្ចប្រជុំគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃអង្គារនេះផងដែរ៕