ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍លើផ្លូវល្បឿនលឿនរយៈពេល ៣ខែ ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ កើតឡើងប្រមាណជាង ៤០ករណី។ នេះបើតាមការរាយការណ៍ពីរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី មឹន មាណាវី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២២ និងលើកទិសដៅបន្ដឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ។
លោកស្រី មឹន មាណាវី បានឱ្យដឹងថា ក្នុងរយៈពេល ៣ខែ មានរថយន្តឆ្លងកាត់ផ្លូវល្បឿនលឿនសរុបចំនួន ១ ០៥៤ ៩៦២ ហើយមានគ្រោះថ្នាក់កើតឡើង ៣៨លើក ខូចខាតយានយន្ត ៤៦គ្រឿង។
លោកស្រីបានឱ្យដឹងទៀតថា ចំពោះគ្រោះថ្នាក់ចរាចរណ៍លើផ្លូវល្បឿនលឿននេះ មិនមានអ្នករងគ្រោះបណ្ដាលឱ្យស្លាប់ និងរងរបួសធ្ងន់ធ្ងរនោះទេ។
គួរឱ្យដឹងដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ មានតម្លៃជាង ២ពាន់លានដុល្លារ ត្រូវបានវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) ពីប្រទេសចិនតាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway ដែលមានប្រវែង ១៨៧គីឡូម៉ែត្រ៕