ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

រដ្ឋមន្ត្រីមហាផ្ទៃហាមសមត្ថកិច្ចទារប្រាក់ពីពលរដ្ឋដែលទៅដោះស្រាយយកម៉ូតូ និងរថយន្ត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានប្រាប់ឱ្យសមត្ថកិច្ចនគរបាល និងកងរាជអាវុធហេត្ថទាំងអស់ហាមទារប្រាក់ពីពលរដ្ឋដែលទៅយកម៉ូតូ និងរថយន្តមកវិញនៅតាមប៉ុស្តិ៍នគរបាលក្រោយពីបានដោះស្រាយគ្នាចប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។

សម្តេច ស ខេង កត់សម្គាល់ថា សមត្ថកិច្ចនគរបាលមួយចំនួនដែលបានយកម៉ូតូ និងរថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍ រក្សាទុកនៅតាមប៉ុស្តិ៍នគរបាល បានទាមទារប្រាក់ពីភាគីម៉ូតូ និងរថយន្ត បើទោះបីភាគីទាំងពីរបានដោះស្រាយសម្របសម្រួលគ្នាចប់ហើយក្តី ពោលទាល់តែផ្តល់ថវិកាទៅតាមការទាមទាររបស់សមត្ថកិច្ចជាមុនសិន ទើបអាចយកម៉ូតូ និងរថយន្តត្រឡប់មកវិញបាន។

ជុំវិញករណីនេះ សម្តេច ស ខេង បានថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូននាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ដូច្នេះថា៖ «សមត្ថកិច្ចតុលាការ និងសមត្ថកិច្ចនគរបាល ជួនអីយកទៅកន្លែងប៉ុស្តិ៍អីហ្នឹង ឱ្យតែដោះចប់ហើយ គ្នាចង់ទារម៉ូតូ និងឡានមកវិញ ទារមិនបានត្រូវបង់ថែម លុយយ៉ាងនេះយ៉ាងនោះ សូមកុំធ្វើបែបនេះ»។

សម្តេចក្រឡាហោម អំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធចូលរួមដោះស្រាយបញ្ហានេះប្រកបដោយភាពយុត្តិធម៌ត្រឹមត្រូវ។ ជាមួយនេះសម្តេច ស ខេង បានណែនាំឱ្យមន្ត្រីនគរបាលចរាចរណ៍ និងកងរាជអាវុធត្រូវអនុវត្តតាមជំនាញវិជ្ជាជីវៈ ដោយមិនត្រូវធ្វើអាកប្បកិរិយាណាដែលប៉ះពាល់ដល់ពលរដ្ឋ ពោលត្រូវមានសីលធម៌។

គូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍សរុបកើតឡើងចំនួន ២ ៩៧៦ករណី មានអ្នកស្លាប់ ១ ៧០៩នាក់ របួស ៤ ០២៦នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ២ ៥៧៩នាក់។

ក្នុងរបាយការណ៍ដែលអានដោយរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកស្រី មឹន មាណាវី បានឱ្យដឹងថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២២ ភាគច្រើននៅរាជធានីភ្នំពេញ មាន ២៧២នាក់ ខេត្តកណ្ដាល ១៥៧នាក់ និងខេត្តកំពង់ចាម ១៣១នាក់។

បើតាមលោកស្រី មឹន មាណាវី មូលហេតុនៃគ្រោះថ្នាក់ គឺបណ្តាលមកពីអ្នកបើកបរលើសល្បឿន ៣៩ភាគរយ មិនគោរពសិទ្ធិអាទិភាព ២៤ភាគរយ មិនប្រកាន់ស្ដាំ ១១ភាគរយ វ៉ាជែង ១០ភាគរយ បត់ក្នុងស្ថានភាពគ្រោះថ្នាក់ ៩ភាគ ស្រវឹង ៤ភាគរយ និងងុយ ១ភាគរយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក