វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

រដ្ឋមន្ត្រីមហាផ្ទៃស្នើឱ្យសិក្សាច្បាប់មួយដើម្បីដាក់បន្ទុកអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អនីតិជន

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ស្នើឱ្យមន្ដ្រីក្រោមឱវាទសិក្សាស្រាវជ្រាវច្បាប់មួយ ដើម្បីដាក់បន្ទុកដល់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អនីតិជន និងត្រូវទទួលខុសត្រូវចិញ្ចឹមបីបាច់រក្សារហូតដល់អាយុ ១៨ឆ្នាំ។

ការស្នើរបស់ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) សម្ដេចក្រឡាហោម ស ខេង ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា៖ «ខ្ញុំមើលព័ត៌មាននៅសហរដ្ឋអាមេរិក អ្នកបើកបរបង្កគ្រោះថ្នាក់ ទៅដល់រងទុក្ខជាអ្នកអនីតិជន អ្នកនោះឯង ត្រូវទទួលខុសត្រូវចិញ្ចឹមបីបាច់ថែរក្សា រហូតដល់អាយុ ១៨ឆ្នាំ សូមឱ្យឯកឧត្តម-លោកជំទាវ ត្រូវស្រាវជ្រាវករណីនេះ ហើយក៏ជាជំនួយស្មារតីមួយដែរ ដើម្បីដាក់ទោស ឬក៏ដាស់តឿន ទៅដល់អ្នកបើកបរឱ្យមានការប្រុងប្រយ័ត្នខ្ពស់»។

សម្ដេចក្រឡាហោមបានឱ្យដឹងថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២២ បានតម្រូវឱ្យធ្វើការត្រួតពិនិត្យឡើងវិញនូវចំណុចវិជ្ជមាន និងអវិជ្ជមាន ដើម្បីដកពិសោធន៍ និង ដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា សំដៅកែលម្អ និងបង្កើនប្រសិទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៣។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោមក៏បានអំពាវនាវដល់បណ្ដាក្រុមហ៊ុនដឹកជញ្ជូន កុំដឹកលើសទម្ងន់ នាំឱ្យផ្លូវថ្នល់ឆាប់ខូច ឬបង្កគ្រោះថ្នាក់ចរាចរណ៍ជាដើម។

គួរឱ្យដឹងដែរថា យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២២ បានកើតឡើងចំនួន ២ ៩៧៦លើក បណ្តាលឱ្យស្លាប់ចំនួន ១ ៧០៩នាក់ និងរបួសចំនួន ៤ ០២៦នាក់ (របួសធ្ងន់ ២ ៥៧៩នាក់)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក