បារាំង៖ ក្លិបអ្នកមានបារាំង Paris Saint-Germain បានប្រកាសនាំចូលជាផ្លូវការនូវអ្នកចាំទីវ័យ ២២ឆ្នាំ Gianluigi Donnarumma ក្រោយពីកីឡាកររូបនេះ បានក្លាយជាកីឡាករដែលគ្មានក្លិបលេង (Free Agent) ក្រោយកិច្ចសន្យាអស់សុពលភាពជាមួយ AC Milan។
ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ PSG មុនការមកដល់របស់ Donnarumma ក៏មានអ្នកចាំទីលំដាប់ខ្ពស់ ២រូបដែលអាចប្រើប្រាស់ និងប្រកួតប្រជែងបានផងដែរ រួមមានអ្នកចាំទីកូស្តារីកា Keylor Navas រួមទាំងអ្នកចាំទីសញ្ជាតិបារាំង Alphonse Areola ដែលបានចំណាយពេលមួយរដូវកាលកន្លងទៅជាមួយ Fulham ក្នុងក្របខណ្ឌ English Premier League កាលពីរដូវកាលមុន។
ប៉ុន្តែ! អ្នកគាំទ្រទាំងអស់ប្រាកដជាមានការភ្ញាក់ផ្អើល ប្រសិនបើបានឃើញនូវបញ្ជីកីឡាករអ្នកចាំទីរបស់ PSG ដែលមានចំនួន ៦នាក់ផ្សេងទៀតដែលកំពុងស្ថិតក្នុងបញ្ជីឈុតធំរបស់ក្លិបយក្សបារាំងនេះ។ អ្នកចាំទីទាំង ៦នាក់ផ្សេងទៀតនោះរួមមានដូចជា ទី១៖ អ្នកចាំទីសញ្ជាតិបារាំង Alexandre Letellier ដែល PSG នាំយកពីក្លិប Orleans US 45 កាលពីខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ, ទី២៖ អ្នកចាំទីអេស្ប៉ាញ Sergio Rico ដែល PSG បានទិញយកពីក្លិប Sevilla ក្នុងតម្លៃ ៦លានអឺរ៉ូនៅឆ្នាំ២០២០, ទី៣៖ អ្នកចាំទីម៉ាដាហ្គាស្កា វ័យ១៨ឆ្នាំ Mathyas Randriamamy, ទី៤៖ អ្នកចាំទីវ័យ១៩ឆ្នាំ សញ្ជាតិអ៊ីតាលី Denis Franchi ដែលតំឡើងមកពីថ្នាល U-19 របស់ក្លិបផ្ទាល់, ទី៥៖ Grarissone Innocent វ័យ២១ឆ្នាំ ដែលដាក់ឱ្យក្លិបបារាំងនៅលីគទី២ Caen ខ្ចីជើងពេញមួយរដូវកាល ២០២០ កន្លងទៅ និងចុងក្រោយគេទី៦៖ អ្នកចាំទីប៉ូឡូញ វ័យ២១ឆ្នាំ ដែលបានបញ្ចប់ការខ្ចីជើងពីក្លិបនៅលីគទី២បារាំង Chateauroux នៅឆ្នាំ២០២០កន្លងទៅ។
គួរបញ្ជាក់ថា សម្រាប់ដើមរដូវកាលថ្មីនេះ ក្លិប Paris Saint-Germain ដែលខកខានការឈ្នះជើងឯក Ligue1 ក្រោមការដឹកនាំរបស់លោក Mauricio Pochettino នឹងត្រូវចាប់ផ្តើមបើកឆាករដូវកាលថ្មី ដោយជួបជាមួយក្លិប Troyes នាថ្ងៃទី៨ ខែសីហា ខាងមុខនេះ៕