លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន អំពាវនាវមាតាបិតា អាណាព្យាបាលកុមារនិងយុវវ័យ អាយុ១២-១៧ឆ្នាំ ត្រៀមនាំកូនចាក់វ៉ាក់សាំង

ភ្នំពេញ: នាយកដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទីសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១ បានបង្ហាញការគិតគូរយ៉ាងហ្មត់ចត់ដែលហៅថា បរិយាកាសភាពផ្សាំក្នុងសង្គម ពិសេសការគិតគូរដល់ការចាក់វ៉ាក់សាំងសម្រាប់កុមារនិងយុវជនកម្ពុជា ដែលជាការធ្វើវិនិយោគដ៏ធំសម្រាប់អនាគតកុមារនិងយុវជន។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីគោលជំហរនៃការយកចិត្តទុកដាក់សុខុមាលភាពប្រជាជាន ពិសេសពាក់ព័ន្ធការបើកឡើងវិញនូវសាលារៀន ដែលសម្តេចតេជោបានចាត់ទុកថាជាការបាត់បង់ដ៏ធំធេងរបស់ពិភពលោកក៏ដូចជាសម្រាប់កម្ពុជា លើការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលកន្លងមកសាលារៀនត្រូវបានបិទក្នុងរយៈយូរមកហើយ។

នាយកដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅគណៈកម្មការចំពោះកិច្ចសម្រាប់លទ្ធកម្មបញ្ជាទិញវ៉ាក់សាំងចរចាជាមួយនឹងបណ្ដាប្រទេសផ្សេងៗ ជាពិសេសពិភាក្សាជាមួយសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបញ្ជាទិញវ៉ាក់សាំងសម្រាប់កុមារនិងយុវវ័យសរុបប្រមាណជាង២លាន ដែលកម្ពុជាត្រូវការវ៉ាក់សាំង ៤លានដូសបន្ថែមទៀតចំពោះកិច្ចនេះ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា “យើងមានការចាំបាច់ដើម្បីចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យ ដែលមានអាយុ១២ឆ្នាំ ដល់អាយុ១៧ឆ្នាំ បន្ទាប់ពីដំណើរការចាក់វ៉ាក់សាំងសម្រាប់អ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលមកដល់ពេលនេះ យើងបានចាក់វ៉ាក់សាំងដល់ប្រជាជនបានចំនួនប្រមាណជាង ៥.៤០០.០០០នាក់រួចហើយ”។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា ក្នុងស្ថានភាពបែបនេះ សម្តេចបានបញ្ជាឲ្យរៀបចំរកវ៉ាក់សាំង។ មកដល់ពេលនេះវ៉ាក់សាំងដែលយើងអាចនឹងទទួលបានអាចមានចំនួនប្រមាណជាង ២២លានដូស។ ប៉ុន្តែបើគិតទាំងការផ្តល់វ៉ាក់សាំងជំនួយផងនោះ គឺយើងមានប្រមាណជាង ៣១លានដូស។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ការសន្យាដែលមិនទាន់បានឃើញចេញជារូបរាង គឺសម្តេចមិនទាន់ចាត់ទុកថាជារបស់យើងដែលមាននៅក្នុងដៃនោះទេ។ ដូច្នេះហើយសម្តេចតេជោ បានបញ្ជាទៅលោក វង្សី វិស្សុត និងលោកស្រី ឱ វណ្ណឌីន ខិតខំដើម្បីរក្សាទុកនូវវ៉ាក់សាំងដែលអាចចាក់ព្រមគ្នា សម្រាប់ប្រជាពលរដ្ឋ កុមារ និងយុវជន ដែលកំពុងតែដំណើរការចាក់វ៉ាក់សាំង។

ជាផែនការរបស់នាយករដ្ឋមន្ត្រីកម្ពុជានាពេលកន្លងមកធ្លាប់បានប្រកាសថានឹង “ស្រោច” វ៉ាក់សាំងសម្រាប់ប្រជាជនកម្ពុជាឱ្យបានគ្រប់ ១០លាននាក់។ គិតត្រឹមថ្ងៃនេះ កម្ពុជាបានដំណើរចាក់វ៉ាក់សាំងបានប្រមាណជាង ៥.៤០០.០០០នាក់រួចមកហើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់ជម្រើសចំនួន២ ដើម្បីផ្តល់ការចាក់វ៉ាក់សាំងដល់កុមារនិងយុវជនដែលមានអាយុចាប់ពី១២ឆ្នាំ-១៧ឆ្នាំ។ ជម្រើសទី១ គឺបន្តការចាក់វ៉ាក់សាំងឲ្យរួចរាល់សម្រាប់មនុស្សពេញវ័យដែលមានពីចាប់អាយុ១៨ឆ្នាំឡើងឲ្យគ្រប់ចំនួន១០លាននាក់ បន្ទាប់មកចាប់ផ្តើមអនុវត្តការចាក់វ៉ាក់សាំងសម្រាប់កុមារនិងយុវវ័យ។

ជម្រើសទី២ គឺដំណាលពេលនៃយុទ្ធនាការកំពុងចាក់វ៉ាក់សាំងដែលប្រព្រឹត្តទៅនៅតាមបណ្ដាខេត្តសម្រាប់មនុស្សប្រមាណជាង៤លាននាក់បន្តទៀតនោះ ភ្នាក់ងារសុខាភិបាលអាចចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងដោយចាប់ផ្តើមចេញពីរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយបន្តទៅគឺខេត្តព្រះសីហនុ ដែលជាតំបន់អាទិភាព។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រុមគ្រូពេទ្យនៅទីកន្លែងនោះមានលទ្ធភាពចាក់វ៉ាក់សាំងស្រាប់ ដោយសារតែកុមារនិងយុវវ័យរបស់យើង មានចំនួនមិនច្រើនទេ ដូចជានៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។ នៅពេលដែលការចាក់វាក់សាំងបានបញ្ចប់ហើយនោះ គ្រូពេទ្យនៅទីកន្លែងនោះគឺមានលទ្ធភាពដើម្បីបន្តចាក់វ៉ាក់សាំងជូនកុមារនិងយុវវ័យរបស់យើងដោយមិនចាំបាច់មានអន្តរាគមន៍ពីកម្លាំងកងទ័ព ឬគ្រូពេទ្យស្ម័គ្រចិត្ត។ យើងទុកគ្រូពេទ្យស្ម័គ្រចិត្តនិងក្រុមគ្រូពេទ្យកងទ័ពអាចចាក់នៅទីកន្លែងផ្សេង។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវចំពោះមាតាបិតា អាណាព្យាបាលរបស់កុមារនិងយុវវ័យ ត្រៀមខ្លួនដើម្បីនាំកូន នាំចៅ ទៅចាក់វ៉ាក់សាំង នៅពេលវេលាដែលបានមកដល់។ សម្តេចបានបន្តទៀតថា យើងចង់ឲ្យមានភាពផ្សាំក្នុងសង្គម ដើម្បីឈានទៅដល់ការបើកឡើងវិញនូវសង្គមសេដ្ឋកិច្ច ពិសេសគឺសាលារៀនដែលយើងបានផ្អាក បានបិទសាលាកន្លងមក ជំនួសដោយរៀនពីចម្ងាយតាមរយៈប្រព័ន្ធអនឡាញ។

សម្តេចតេជោគូសបញ្ជាក់ថា "នេះគឺរឿងខាតបង់សម្រាប់យើង"។ ប្រសិនបើយើងបានចាក់វ៉ាក់សាំងឲ្យកុមារ និងយុវជន ពេលនោះយ៉ាងហោចណាស់ក៏យើងអាចបើកសាលារៀន ចាប់ពីកម្រិតអនុវិទ្យាល័យឡើងទៅ សម្រាប់កុមារនិងយុវវ័យដែលមានអាយុពី១២ឆ្នាំឡើង។ សិស្សដែលរៀនក្នុងកម្រិតអនុវិទ្យាល័យ ពួកគេមានលទ្ធភាពយល់អំពីការរក្សាគម្លាតសង្គម គម្លាតនៅក្នុងថ្នាក់រៀន ខុសប្លែកពីសិស្សរៀននៅថ្នាក់បឋមសិក្សា ដែលកុមារទាំងនោះនៅមិនទាន់ចេះពាក់ម៉ាស់ ហើយក៏មិនទាន់ចេះការការពារខ្លួនតាមរបៀបរក្សាគម្លាតផងដែរ។ ប៉ុន្តែយើងអាចធ្វើជាមួយកុមារនិងយុវវ័យ ដែលអាយុ១២ឆ្នាំដល់អាយុ១៧ឆ្នាំ ដែលពួកគេអាចចេះពាក់ម៉ាស់ អាចរក្សាគម្លាត បន្ថែមដោយមានភាពផ្សាំនៃវ៉ាក់សាំងផងនោះ។ ប្រសិនបើមានការវ៉ៃលុកពីជំងឺកូវីដ-១៩ វាមិនអាចបណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងរដូចមនុស្សដែលមិនបានចាក់វ៉ាក់សាំងនោះទេ។ ជាបទពិសោធដែលយើងបានរកឃើញជាបណ្តើរៗកន្លងមក រហូតមកដល់ពេលនេះគឺអ្នកដែលទទួលបាននូវការចាក់វ៉ាក់សាំង គឺវ៉ាក់សាំងបានជួយទប់ស្កាត់នៃការឆ្លង ហើយប្រសិនបើមានករណីឆ្លងក៏មិនបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរឬស្លាប់ ដូចអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងគឺមានអត្រាខ្ពស់ប្រឈមនឹងគ្រោះថ្នាក់ ។

សម្តេចតេជោ បានស្នើឱ្យសាលារាជធានីភ្នំពេញ ខេត្តកណ្តាល ត្រៀមរៀបចំបម្រុងទុកវ៉ាក់សាំងសម្រាប់កុមារ និងយុវជន រួមទាំងខេត្តព្រះសីហនុផងដែរដែលជាតំបន់ឆ្លង ដែលយើងបានផ្ដល់អាទិភាពសម្រាប់ការចាក់វ៉ាក់សាំងកន្លងមក។ សម្រាប់គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង សម្តេចតេជោក៏បានណែនាំឱ្យរៀបចំធ្វើការជាមួយនឹងបណ្ដាខេត្ដគោលដៅសម្រាប់ការចាក់វ៉ាក់សាំង។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងមោទនភាពថា ប្រជាពលរដ្ឋរបស់យើងយ៉ាងច្រើនកុះករភ្លូកទឹកភ្លូកដីមានជំនឿជឿជាក់លើការចាក់វ៉ាក់សាំង រាប់បញ្ចូលទាំងមនុស្សដែលមានវ័យចំណាស់អាយុ ៩០និងអាយុជាង១០០ឆ្នាំក៏បានទទួលការចាក់វ៉ាក់សាំងដែរ។ អ្នកដែលមានអាយុជាង១០០ឆ្នាំ មានចំនួន ៨នាក់ ដែលបានមកទទួលចាក់វ៉ាក់សាំង។ ពួកគាត់ “ស្រេកឃ្លាន” ចង់បានវ៉ាក់សាំងដើម្បីការពារខ្លួនរបស់ពួកគាត់។

ដោយឈរលើជំនឿបែបនេះ និងដោយសារតែមាតាបិតារបស់កុមារនិងយុវវ័យធ្លាប់បានទទួលការចាក់វ៉ាក់សាំងកន្លងមកដែលគ្មានហានិភ័យ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបង្ហាញក្តីសង្ឃឹមថា ប្រជាពលរដ្ឋនឹងពិតជានាំកូនចៅរបស់ពួកគេទៅទទួលការចាក់វ៉ាក់សាំង។ សម្តេច តេជោ បានណែនាំមិនត្រូវបង្ខំកុមារដែលខ្លាចម្ជុលឲ្យចាក់វ៉ាក់សាំងទេ។

យើងត្រូវរកគ្រប់វិធីដើម្បីការពារ ប៉ុន្តែខ្ញុំនៅតែបន្តការបញ្ជាក់ថា ទោះបីបានចាក់វ៉ាក់សាំង ឬក៏មិនទាន់បានចាក់វ៉ាក់សាំង វិធានការសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣ការពារ ត្រូវតែបន្តអនុវត្តដើម្បីចៀសវាងនូវការឆ្លងជាយថាហេតុ។

សម្តេចតេជោ ហ៊ុន សែន បានសង្ឃឹមយ៉ាងមុតមាំថា ក្រោយពេលមានភាពផ្សាំនៅក្នុងសង្គមរបស់យើងគឺនឹងកាន់តែមានភាពងាយស្រួល ផ្តល់ឱកាសឲ្យយើងបើកឡើងវិញនូវសេដ្ឋកិច្ចសង្គម ជាពិសេសការបើកឡើងវិញសម្រាប់សាលារៀនចំណេះទូទៅចាប់ពីថ្នាក់អនុវិទ្យាល័យ វិទ្យាល័យ រហូតដល់មហាវិទ្យាល័យ ដែលយើងនឹងអាចធ្វើបាន ហើយសង្ឃឹមថាប្រជាពលរដ្ឋរបស់យើងនឹងចូលរួមជាបន្តទៀតដើម្បីសុខភាពរបស់បុគ្គលម្នាក់ៗ និងសុខភាពនៅក្នុងគ្រួសារនីមួយៗ ក៏ដូចជាសុខភាពដែលតាមសហគមន៍ ពិសេសប្រទេសជាតិរបស់យើងអាចប្រឆាំងជំងឺកូវីដ-១៩បាន ដែលមេរោគនេះកំពុងរីករាល់ដាលហើយកាន់តែសាហាវទៅៗ។

សម្តេចតេជោបានគូសបញ្ជាក់ថា មិនត្រឹមតែនៅប្រទេសយើងប៉ុណ្ណោះទេ ប៉ុន្តែប្រទេសទាំងអស់នៅក្នុងទូទាំងពិភពលោកនេះ នៅមិនទាន់មានប្រទេសណាមួយដែលអាចបំបាត់ចោលទាំងស្រុងនូវជំងឺកូវីដ-១៩ នោះទេ ដោយគ្រាន់តែស្ថានភាព ឆ្លងមេរោគតិចឬឆ្លងច្រើន និងស្លាប់តិចនិងស្លាប់ច្រើនតែប៉ុណ្ណោះ។

ចុងក្រោយនៃសារសម្លេងពិសេសរបស់សម្តេចតេជោ គឺសម្តេចសង្ឃឹមថាខ្មែរយើងធ្វើបាន ព្រោះយើងបានធ្វើវាជោគជ័យរួចមកហើយកន្លងមក ហើយយើងនឹងបន្ដភាពជោគជ័យលើកិច្ចការដែលទាក់ទងនឹងការការពារសុខភាពរបស់ប្រជាជនយើង តាមរយៈការស្វះស្វែងរកវ៉ាក់សាំង ការខិតខំចាក់វ៉ាក់សាំង ការចូលរួមពីប្រជាពលរដ្ឋរបស់យើងដើម្បីទទួលវ៉ាក់សាំងសម្រាប់ការពារខ្លួន ការពារក្រុមគ្រួសារនិងសហគមន៍៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក