ថៃ៖ រដ្ឋាភិបាលថៃបានបញ្ជាក់ថា ក្រុមហ៊ុន AstraZeneca បានស្នើមកកាន់ភាគីថៃក្នុងការពន្យារពេលមកដល់នូវការផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ៦១លានដូស ដែលការយឺតយ៉ាវនេះបានជម្រុញឱ្យមានផលប៉ះពាល់នូវផែនការផ្តល់វ៉ាក់សាំងដល់ពលរដ្ឋរបស់ខ្លួន ត្បិតក្រុមហ៊ុន AstraZeneca បានបញ្ជាក់ថា ការយឺតយ៉ាវគឺជាង ៥ខែឯណោះ បើប្រៀបជាមួយកាលបរិច្ឆេទដើមដែលបានគ្រោងទុក។
អនុរដ្ឋមន្រ្តីក្រសួងសុខភាពសាធារណៈថៃ លោក Sathit Pitutacha បានឱ្យដឹងថា បច្ចុប្បន្ននេះ AstraZeneca មានលទ្ធភាពផលិតបានវ៉ាក់សាំងកូវីដ-១៩ ប្រមាណជា ១៥លានដូសប៉ុណ្ណោះមួយខែ ជាមួយសង្វាក់ផលិតកម្មដែលមានក្នុងរោងចក្រផលិតនៅប្រទេសថៃ ដែលចំនួននេះរំពឹងថានឹងមានការកើនឡើងបន្ថែមទៀតក្នុងពេលអនាគត។
លោក Sathit បានបញ្ជាក់ទៀតថា ក្រុមហ៊ុន AstraZeneca បានសន្យាក្នុងការផ្តល់នូវចំនួនវ៉ាក់សាំងសរុប ៤០ភាគរយ នៃវ៉ាក់សាំងសរុបដែលផលិតបានសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសថៃ និង ៦០ភាគរយទៀតសម្រាប់ការនាំចេញ ក៏ដូចជាផ្គត់ផ្គង់ទៅកាន់ដៃគូបញ្ជា ទិញផ្សេងៗទៀត។ ប៉ុន្តែយ៉ាងណាមិញ ក្រសួងសុខភាពសាធារណៈរបស់ថៃបានបញ្ជាក់ថា នឹងព្យាយាមស្នើចំនួនវ៉ាក់សាំងបន្ថែមពីលើនេះទៀត ដោយអះអាងថា នៅក្នុងស្ថានភាពបែបនេះ វ៉ាក់សាំងគឺជាវត្ថុដែលមានតម្រូវការខ្ពស់បំផុតសម្រាប់បណ្តាប្រទេសនីមួយៗ។
៤០ភាគរយនៃចំនួនផលិតផលវ៉ាក់សាំងដែលសម្រេច ស្មើនឹងប្រមាណ ៦លានដូសប៉ុណ្ណោះដែលត្រូវផ្គត់ផ្គង់មកដល់រដ្ឋាភិបាលថៃពីក្រុមហ៊ុន AstraZeneca ប៉ុន្តែភាគីថៃបានស្នើបន្ថែមឱ្យបាន ១០លានដូស ដែលថៃបានបញ្ជាក់ថា ១០លានដូសនេះ គឺជាផែនការដែលបានគ្រោងទុកដោយក្រុមហ៊ុនផលិតវ៉ាក់សាំងក្នុងស្រុក AstraZenaca ផ្ទាល់តែម្តង។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ថៃបានចាប់ផ្តើមយុទ្ធនាការផ្តល់វ៉ាក់សាំងជូនប្រជាជនទូទាំងប្រទេសរបស់ខ្លួនហើយ ខណៈដែលប្រជាជនប្រមាណជា ៥ភាគរយប៉ុណ្ណោះនៃចំនួនប្រជាជនសរុប ៦៦លាននាក់របស់ខ្លួនដែលបានទទួលវ៉ាក់សាំងរួចរាល់ ក្នុងយុទ្ធនាការវ៉ាក់សាំងរយៈពេល ១ខែកន្លងមកនេះ៕