បារាំង៖ រដ្ឋាភិបាលបារាំង កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបានប្រកាសថា ប្រទេសបារាំង នឹងបន្តពន្យារការតម្រូវឱ្យធ្វើតេស្តចំពោះអ្នកដំណើរមកពីប្រទេសចិន រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយសារផ្អែកទៅលើស្ថានការណ៍ដែលកំពុងវិវត្តន៍ជាបន្តបន្ទាប់។ ផ្អែកតាមក្រឹត្យចាស់ ការតម្រូវឱ្យអ្នកដំណើរមកពីប្រទសចិនត្រូវធ្វើតេស្តកូវីដ-១៩ នឹងត្រូវអនុវត្តដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។
ចាប់ផ្តើមពីដើមឆ្នាំ២០២៣ រាល់អ្នកដំណើរទាំងអស់ដែលធ្វើដំណើរមកពីប្រទេសចិនសំដៅមកកាន់ប្រទេសបារាំង ដែលមានវ័យចាប់ពី១១ឆ្នាំឡើងទៅ ត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ មុន ៤៨ម៉ោងមុនពេលឡើងយន្តហោះធ្វើដំណើរ។ បន្ថែមពីលើនេះ នៅពេលមកដល់់អាកាសយានដ្ឋាន ការធ្វើតេស្តអាចធ្វើឡើងដោយមិនកំណត់មុន នឹងចំពោះអ្នកដែលវិជ្ជមានកូវីដ នឹងត្រូវដាក់ខ្លួននៅដាច់ដោយឡែក ខណៈអាជ្ញាធរសុខាភិបាលបារាំងបានបញ្ជាក់ថា រាល់អ្នកដំណើរទាំងអស់វ័យ ៦ឆ្នាំឡើង ត្រូវតែពាក់ម៉ាស់លើយន្តហោះ។
បណ្តាប្រទេសមួយចំនួនបានដាក់់ចេញនូវវិធានការសុខាភិបាលមួយចំនួន សម្រាប់អ្នកដំណើរមកពីប្រទេសចិន ក្រោយពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសដកចេញនូវវិធានការបង្ការកូវីដ-១៩ ក្នុងប្រទេស។ បើតាមការបញ្ជាក់របស់រដ្ឋាភិបាលចិនបានឱ្យដឹងថា តួលេខអ្នកស្លាប់ដោយសារកូវីដ-១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសចិន បានធ្លាក់ចុះប្រមាណ ៨០ភាគរយ បើគិតពីដើមខែមករា ឆ្នាំ២០២៣។
យ៉ាងណាក្តី ការអះអាងរបស់អាជ្ញាធរចិនខាងលើនេះ ត្រូវបានប្រភពមួយចំនួនអះអាងថាមិនអាចយកជាការបាន ដោយគេជឿជាក់ថាមនុស្សមិនតិចឡើយដែលបានឆ្លង និងស្លាប់ជារៀងរាល់ថ្ងៃដោយសារកូវីដ-១៩ ក្នុងប្រទេសចិន៕