សហរដ្ឋអាមេរិក៖ ឧត្តមសេនីយទ័ពអាកាសអាមេរិកម្នាក់ បានបញ្ជាក់ក្នុងការកត់សម្គាល់មួយថា អារម្មណ៍ពីពោះវៀនពោះតន់របស់លោកបានប្រាប់ថា សហរដ្ឋអាមេរិក នឹងត្រូវមានសង្គ្រាមជាមួយចិន ក្នុងរយៈពេល ២ឆ្នាំខាងមុខ ដែលការលើកឡើងនេះជាការអត្ថាធិប្បាយមួយ ដែលមន្ត្រីមន្ទីរបញ្ចកោណអាមេរិកបាននិយាយថា មិនស៊ីគ្នានឹងការវាយតម្លៃរបស់យោធាអាមេរិក។
ឧត្តមសេនីយ៍ Mike Minihan ដែលជាប្រធានបញ្ជាការចល័តតាមអាកាសបានសរសេរទៅកាន់ថ្នាក់ដឹកនាំនៃសមាជិករបស់ខ្លួនប្រហែល ១១០,០០០នាក់ យ៉ាងដូច្នេះថា៖ "ខ្ញុំសង្ឃឹមថាខ្ញុំស្មានខុសទៅចុះ ប៉៉ុន្តែចេញពីពោះមកអារម្មណ៍ខ្ញុំបញ្ជាក់ថានឹងមានសង្គ្រាម (អាមេរិក-ចិន) នៅឆ្នាំ២០២៥ខាងមុខ"។ នៅក្នុងសំបុត្រនោះបានចុះកាលបរិច្ឆេទនៅថ្ងៃទី០១ ខែកុម្ភៈ ប៉ុន្តែបានផ្ញើចេញនៅថ្ងៃសុក្រ ទី២៧ ខែមករា។
ទស្សនៈរបស់ឧត្តមសេនីយរូបនេះ មិនតំណាងឱ្យមន្ទីរបញ្ចកោណទេ ប៉ុន្តែបានបង្ហាញពីការព្រួយបារម្ភនៅកម្រិតខ្ពស់បំផុតរបស់យោធាអាមេរិក ចំពោះការប៉ុនប៉ងសង្គ្រាមណាមួយដែលអាចធ្វើទៅបានដោយចិនដើម្បីគ្រប់គ្រងលើកោះតៃវ៉ាន់ ដែលកន្លងមក និងជានិច្ចកាលចិនតែអះអាងថាកោះតៃវ៉ាន់ជាផ្នែកមួយនៃអធិបតេយ្យរបស់ខ្លួន។ លោក Minihan បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ ទាំងតៃវ៉ាន់ និងសហរដ្ឋអាមេរិក នឹងមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ដែលនេះជាឱកាសល្អបំផុតដែលចិនអាចនឹងមានសកម្មភាពយោធា។
ប្រទេសចិនបានបង្កើនសម្ពាធលើផ្នែកការទូត យោធា និងសេដ្ឋកិច្ចរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នៅលើដែនកោះដែលគ្រប់គ្រងដោយរដ្ឋាភិបាលផ្ទាល់ខ្លួនដើម្បីឱ្យដែនកោះនេះទទួលយកការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង។ ដោយឡែក រដ្ឋាភិបាលតៃវ៉ាន់វិញបាននិយាយថា ខ្លួនចង់បានសន្តិភាព ប៉ុន្តែនឹងការពារខ្លួនតបទៅវិញផងដែរប្រសិនបើមានការវាយប្រហារណាមួយកើតមានឡើង។
ជាការឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយ ឧត្តមសេនីយទោ Patrick Ryder នៃកងកម្លាំងទ័ពអាកាសរបស់អាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការប្រកួតប្រជែងផ្នែកយោធាជាមួយប្រទេសចិន គឺជាបញ្ហាប្រឈមដ៏សំខាន់មួយ។ លោកថ្លែងថា៖ "ការផ្តោតសំខាន់របស់យើងនៅតែជាការផ្តោតលើការសហការជាមួយបណ្តាប្រទេសជាសម្ព័ន្ធមិត្ត និងដៃគូនានា ដើម្បីរក្សានូវសន្តិភាព គោលការណ៍សេរី និងបើកចំហនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក"៕