ប៉េរូ៖ លោកស្រី Dina Boluarte ប្រធានាធិបតីនៃប្រទេសប៉េរូកាលពីថ្ងៃសុក្រ (២៧ មករា) បានស្នើដល់សភាឱ្យជំរុញរៀបចំការបោះឆ្នោតដែលបានគ្រោងធ្វើឡើងនៅខែមេសា ឆ្នាំ ២០២៤ មកធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២៣ ជំនួសវិញ ខណៈដែលបាតុកម្ម និងការតវ៉ារបស់ប្រជាជនប៉េរូប្រឆាំងនឹងការដឹកនាំរបស់លោកស្រីនៅតែបន្តកើតមានឡើង ដែលបានធ្វើឱ្យមនុស្សរាប់សិបនាក់ស្លាប់និងរងរបួសក្នុងហេតុការណ៍បាតុកម្ម និងការប៉ះទង្គិចកន្លងមក។
គួរបញ្ជាក់ថា ប្រទេសប៉េរូបានជាប់គាំងនៅក្នុងវិបត្តិនយោបាយ ការតវ៉ាពីសំណាក់ប្រជាជនកើតមានឡើងស្ទើរតែរាល់ថ្ងៃចាប់តាំងពីថ្ងៃទី០៧ ខែធ្នូ ពោលគឺនៅពេលដែលអតីតប្រធានាធិបតីប៉េរូ លោក Pedro Castillo ត្រូវបានកងកម្លាំងចាប់ខ្លួនបន្ទាប់ពីការប៉ុនប៉ងរបស់លោកក្នុងការរំលាយសភាចោល និងប្តូរមកគ្រប់គ្រងប្រទេសដោយក្រឹត្យច្បាប់ជំនួសវិញ។
ដោយទាមទារឱ្យលោកស្រី Boluarte លាលែងពីតំណែង និងអំពាវនាវឱ្យមានការរៀបចំបោះឆ្នោតសាជាថ្មី អ្នកគាំទ្ររបស់អតីតប្រធានាធិបតី Castillo បានធ្វើការបិទផ្លូវសំខាន់ៗ ជាពិសេសនៅលើផ្លូវហាយវេ ដែលបណ្តាលឱ្យមានបញ្ហាកង្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ចាំបាច់ផ្សេងៗទៀតនៅក្នុងប្រទេសស្ថិតក្នុងទ្វីបអាមេរិកខាងត្បូងមួយនេះ។ កាលពីពេលថ្មីៗ រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងដាក់ពង្រាយប៉ូលិស និងទាហានក្នុងពេលឆាប់ៗ ដើម្បីបោសសម្អាតបាតុកម្ម និងការបិទផ្លូវដោយខុសច្បាប់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែធ្នូ សភាប្រទេសប៉េរូបានធ្វើការបោះឆ្នោតអនុម័តការផ្លាស់ប្តូរកាលបរិច្ឆេទនៃការបោះឆ្នោតពីឆ្នាំ២០២៦ មកធ្វើឡើងនៅក្នុងឆ្នាំ២០២៤ ជំនួសវិញ ក្រោយពេលដែលលោក Pedro Castillo ត្រូវបានចាប់ខ្លួន ក៏ដូចជាមានការតែងតាំងលោកស្រី Dina Boluarte ជាប្រធានាធិបតីថ្មីក្រោយមក។ ប៉ុន្តែនៅចំពោះមុខការតវ៉ាជារៀងរាល់ថ្ងៃឥតឈប់ឈរ លោកស្រី Boluarte កាលពីថ្ងៃសុក្រម្សិលមិញនេះ បានជំរុញឱ្យសភារៀបចំការបោះឆ្នោតនៅខែធ្នូ ឆ្នាំ២០២៣ខាងមុខ។
ទន្ទឹមនឹងបញ្ហាដែលកំពុងកើតមាន លោកស្រី Boluarte បានជំរុញឱ្យសមាជិកសភាឆ្ពោះទៅមុខការបោះឆ្នោត ក៏ប៉ុន្តែលោកស្រីក៏បានពិពណ៌នាវិបត្តិនយោបាយក្នុងប្រទេសនាពេលនេះថាជា "ការប៉ះទង្គិចជាប់គាំងដ៏អាក្រក់មួយ" ខណៈក្រុមបាតុករនៅតែបន្តជំរុញឱ្យមានការរៀបចំការបោះឆ្នោតឆាប់រហ័សមួយ រួមនឹងការស្នើឱ្យលោកស្រី Boluarte លាលែងពីតំណែង ការរំលាយសភា និងការបង្កើតរដ្ឋធម្មនុញ្ញថ្មីមួយ៕