ភ្នំពេញ៖ គណបក្សប្រជាជនបានបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនៅថ្ងៃទី២៨ ខែមករានេះ។ មហាសន្និបាតនេះនឹងរៀបចំនូវផែនការនយោបាយរបស់គណបក្សសម្រាប់ឃោសនានិងដឹកនាំប្រទេសសម្រាប់រយៈពេល ៥ឆ្នាំទៀត។
ប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន ថ្លែងថា អង្គមហាសន្និបាតនៅពេលនេះ គឺត្រូវរួមគ្នាសម្រេចឱ្យបាននូវកម្មវិធី នយោបាយថ្មីមួយរបស់គណបក្ស ដើម្បីធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការដឹកនាំប្រទេសរយៈពេល ៥ឆ្នាំ បន្តទៀត ហើយដែលដំបូងបង្អស់គឺត្រូវយកទៅឃោសនាផ្សព្វផ្សាយនៅពេលយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតបានយល់ជ្រួតជ្រាប និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនបន្តទៀត។
របៀបវារៈ ៣ចំណុចដែលនឹងពិភាក្សាអនុម័តនៅក្នុងកិច្ចប្រជុំនេះគឺ ឆ្លង និងអនុម័តលើសេចក្តីព្រាង "របាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ពីឆ្នាំ២០១៨ ដល់២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣។ ឆ្លង និងអនុម័តលើសេចក្តីព្រាង កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ និងពិនិត្យវាយតម្លៃថែមទៀតអំពីភារកិច្ចឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
កិច្ចប្រជុំនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (២៨-២៩ ខែមករា ឆ្នាំ២០២៣) ដែលមានសមាជិកចូលរួមសរុបចំនួន ៣៥៥៨ រូប៕