ភ្នំពេញ៖ បណ្តាក្រុមហ៊ុនធំៗរបស់បារាំង បានឯកភាពពិនិត្យឡើងវិញលើការសិក្សាប្រព័ន្ធផ្លូវដែកលើផ្លូវថ្នល់នៅរាជធានីភ្នំពេញដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។
បណ្តាក្រុមហ៊ុនវិនិយោគរបស់បារាំងបានយល់ព្រមពិនិត្យសិក្សាឡើងវិញលើផ្លូវដែកនៅភ្នំពេញនេះ នៅក្នុងអំឡុងពេលចូលជួបពិភាក្សាការងារជាមួយក្រសួងសាធារការ និងដឹកជញ្ជូន នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ដឹកនាំដោយតំណាងពិសេសរបស់រដ្ឋមន្ត្រីអឺរ៉ុប និងកិច្ចការបរទេស សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយអាស៊ាន លោក François Corbin។
បើតាមការផ្សាយព័ត៌មានរបស់ក្រសួងសាធារណការ គណៈប្រតិភូបារាំង ក៏បានចូលរួមមតិយ៉ាងផុសផុល និងបានផ្ដល់ចំណាប់អារម្មណ៍ក្នុងការដាក់ទុនវិនិយោគលើផ្លូវដែកល្បឿនលឿន និងប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងប្រទេសកម្ពុជា។
ក្រសួងសាធារណការចាត់ទុកថានេះជាការបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា និងបារាំង ឱ្យកាន់តែប្រសើរឡើងថែមទៀត។
តំណាងពិសេសរបស់រដ្ឋមន្ត្រីអឺរ៉ុប និងគណៈប្រតិភូក្រុមហ៊ុនបារាំង លោក François Corbin បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសាធារណការ និងដឹកជញ្ជូន ដែលព្យាយាមអភិវឌ្ឍការតភ្ជាប់វិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ដូចសព្វថ្ងៃ។
រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល បានលើកឡើងថា ការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជាគឺសម្រេចបានក្រោមការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់រាជរដ្ឋាភិបាលកម្ពុជាដែលជាប្រមុខ ដែលនាំឱ្យកម្ពុជាមានសុខសន្តិភាពយ៉ាងពេញលេញ។
ជាមួយគ្នានេះលោក ស៊ុន ចាន់ថុល ក៏បានជម្រាបទៅគណៈប្រតិភូបារាំងអំពីគម្រោងជាប្រវិត្តសាស្ត្រដែលកម្ពុជាទើបតែសម្រេចបាន ក្នុងនោះមានផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងគម្រោងធំៗជាច្រើនដែលកំពុងសិក្សារួមមាន គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប និងគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនជាដើម។
បន្ថែមពីលើនេះ លោកក៏បានលើកឡើងអំពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀតរួមមាន ផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវថ្នល់ ផែនការមេដឹកជញ្ជូនផ្លូវទឹក ផែនការដឹកជញ្ជូនតាមផ្លូវដែក ផែនការមេភស្តុភារកម្ម និងការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail៕