ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និងអង្គការទស្សនៈពិភពលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូមួយក្នុងគោលបំណងដោះស្រាយបញ្ហាបោះបង់ការសិក្សារបស់សិស្សនៅក្នុងខេត្តចំនួន១០ ក្នុងប្រទេសកម្ពុជា។
ការចុះហត្ថលេខានេះធ្វើឡើងនៅនាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ដោយមានអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ យុវជន និងកីឡា លោក ពុត សាមិត្ត ធ្វើជាសាក្សីផងដែរ។
នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជាលោក Janes Immanuel Hinting បានលើកឡើងថា ប្រព័ន្ធអប់រំគឺងាយទទួលរងគ្រោះជាខ្លាំងក្នុងអំឡុងនៃវិបត្តិជំងឺកូវីដ-១៩ ដែលមានសិស្សជាច្រើនមិនបានទៅរៀន ឬបោះបង់ចោលការសិក្សា។ លោកថាគំនិតផ្ដួចផ្ដើមឱ្យមានគម្រោងនេះគឺមានសារសំខាន់ណាស់ដើម្បីចូលរួមជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រដល់កុមារ។
កិច្ចព្រមព្រៀងរវាងអង្គការទាំងពីរនេះនឹងចាប់អនុវត្តន៍ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ដោយប្រើប្រាស់មូលនិធិសរុបចំនួនជាង ៥លាន ៤ម៉ឺនដុល្លារអាមេរិក ដែលបានមកពីការរួមចំណែករបស់អង្គការ អេដ អេ អាកសស្យុង ចំនួន ៣៦ភាគរយ និងវិភាគទានរបស់អង្គការទស្សនៈពិភពលោកចំនួន ៦៤ភាគរយ។
នាយកប្រចាំប្រទេសអង្គការអេដ អេ អាកស្យុង អន្តរជាតិ ប្រទេសកម្ពុជា លោក វន សំភាស់ បានឱ្យអ្នកសារព័ត៌មានដឹងថានេះគឺជាចលនារួមរវាងអង្គការលោក និងអង្គការទស្សនៈពិភពលោក ក្រោមការដឹកនាំតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំដើម្បីធ្វើឱ្យប្រាកដថាកុមារដែលជួបការលំបាកក្នុងគ្រួសារ និងសហគមន៍ ទទួលបានអត្ថប្រយោជន៍ពីសេវាអប់រំ។
លោកថា៖ «ដើម្បីរួមចំណែកនូវតួនាទីរបស់ខ្លួនឯងមួយៗក្នុងការធានាថាកុមារទាំងអស់បានចូលរួមហើយចូលរៀនប្រកបដោយគុណភាពដោយសុខមាលភាព»។
ខេត្តចំនួន១០ ដែលគម្រោងមួយនេះគ្រប់ដណ្ដប់រួមមានខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កណ្ដាល កំពង់ធំ ក្រចេះ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប ដែលនឹងគ្រប់ដណ្ដប់លើសាលាបឋមសិក្សាគោលដៅចំនួន ៦៣៨។
អគ្គនាយកអប់រំ យុវជន និងកីឡា លោក ពុត សាមិត្ត គាំទ្រចំពោះគម្រោងនេះដោយថាវានឹងជួយដល់កុមារដែលបោះបង់ចោលការសិក្សាឱ្យទទួលបានការអប់រំឡើងវិញផងដែរ។
លោកនាយកប្រតិបត្តិអង្គការទស្សនៈពិភពលោក ឡេង វិរ: មានជំនឿជាខ្លាំងលើជោគជ័យនៃការអនុវត្តគម្រោងនេះដោយជឿថាបើទោះបីជាគម្រោងត្រូវបញ្ចប់នៅឆ្នាំ២០២៥ ក្ដីក៏សិស្សនឹងមិនបោះបង់ចោលការសិក្សាទៀតដែរ។
លោកប្រាប់អ្នកសារព័ត៌មានថា៖ «យើងមានជំនឿមុតមាំតាមបទពិសោធន៍ថ្មីៗនេះដៃគូជាមួយក្រសួង ដៃគូជាមួយ UNDP ដៃគូជាមួយនឹងមួយចំនួនផ្សេងទៀតគឺអត្រាជោគជ័យមានដល់ ៨៥%»។
ក្នុងរយៈពេល ៣ឆ្នាំ គម្រោងនេះនឹងគាំទ្រលើសកម្មភាព សាងសង់សាលារៀនស្ដង់ដារថ្មីចំនួន៨ ចុះឈ្មោះ និងរក្សាទុក កុមារបាត់បង់ឱកាសទទួលការអប់រំចំនួន ១៥ ៩៥០នាក់ (៥០% ជាក្មេងស្រី) ផ្ដល់ជំនួយលើការសិក្សា និងសេវាកម្មសម្រាប់ការសិក្សាចំនួន ៩ ០០០កញ្ចប់ ទៅដល់កុមារបាត់បង់ឱការទទួលការអប់រំ និងការអភិវឌ្ឍនវិជ្ជាជីវៈសម្រាប់គ្រូបង្រៀន និងតួអង្គអប់រំលើសពី ៥ ០០០នាក់។ គម្រោងនេះក៏នឹងជូយដល់រដ្ឋាភិបាលក្នុងការរៀបចំគោលនយោបាយទាក់ទងនឹងបញ្ហាកុមារបាត់បង់ឱកាសអប់រំផងដែរ៕