ភ្នំពេញ៖ សិល្បករបូរាណខ្មែរមួយចំនួនចាត់ទុកការយកឧបករណ៍បូរាណខ្មែរ «ស្គរសម្ភោរ» ធ្វើជា «តុ» ដាក់កែវទឹកដាក់លើដី នៅក្នុងកម្មវិធីបទសម្ភាសមួយដោយលោក អ៊ុង ប៉េងអាន គឺជាការប្រមាថដ៏ធ្ងន់ធ្ងរចំពោះឧបករណ៍តន្ត្រីបុរាណខ្មែរដែលជាឧបករណ៍វង់ភ្លេងដែលមានវ័យចំណាស់មកហើយ។
លោកគ្រូ កែវ ប្រសិទ្ធី ដែលជាអ្នកផលិត និងលេងស្គរសម្ភោរដ៌ចំណានម្នាក់ បានចាត់ទុកទង្វើមួយនេះជាការប្រមាថធ្ងន់ធ្ងរដល់ឧបករណ៍បូរាណខ្មែរ ពីព្រោះ «ស្គរសម្ភោរ» ប្រភេទនេះត្រូវបានដូនតាខ្មែរគោរពតាំងពីយូរលង់ ហើយក៏មានការឆ្លាក់នៅតាមប្រាជ្ញប្រាសាទផងដែរ ដោយដូនតាខ្មែរចាត់ទុកថាឧបករណ៍នេះជាដួងព្រលឹងជាតិខ្មែរទាំងមូល។
លោកគ្រូ កែវ ប្រសិទ្ធី និយាយមកកាន់ EAC news ថា៖ «នេះជាការប្រមាថដ៏ធ្ងន់ធ្ងរ នេះបើគាត់មិនដឹងមិនអីទេ តែនេះគាត់ដឹងហើយ នេះអត់ត្រូវទេ ពីព្រោះឧបករណ៍នេះកកើតយូរលង់មកហើយ ដែលឧបករណ៍កកើតដំបូង គឺស្គរសម្ភោរ ខ្លុយ និងឃឹម អ៊ីចឹងជាដួងព្រលឹងមួយដ៏សំខាន់ណាស់»។
សិល្បករជំនាញកាន់ឧបករណ៍រនាថឯកម្នាក់ទៀត គឺលោក ហាញ់ ពិសាល ក៏មិនអាចទទួលយកបានឡើយនូវទង្វើបែបនេះ ខណៈដែល «ស្គរសម្ភោរ» នេះជាឧបករណ៍បូរាណខ្មែរដែលសិល្បករតែងតែគោរពថាជាឧបសក្ការៈដ៏មានតម្លៃតំណាងឱ្យឧបករណ៍ខ្មែរទាំងមូល។
មានជំនាញលេងឧបករណ៍រនាថឯករយៈពេល២០ឆ្នាំ លោក ហាញ់ ពិសាល បានរៀបរាប់ប្រាប់ EAC News ដូច្នេះថា៖ «សម្ភារនេះជាគ្រឿងឧបសក្ការៈសំពេះតែម្តង មានទាំងបាយសីប្រាំថ្នាក់ មានធូបទាន ផ្លែឈើគ្រប់មុខដើម្បីថ្វាយ ដល់ពេលយើងបានឃើញរបស់ដែលយើងគោរព និយាយមួយម៉ាត់ ដូចឃើញគេយកព្រះយើងទៅអង្គុយដាក់កែវទឹកលើក្បាល ខ្ញុំមានអារម្មណ៍ថាឈឺចាប់។ ពួកខ្ញុំអ្នកសិល្បៈនៅក្នុងសាលាវិចិត្រសិល្បៈបុរាណគឺពួកខ្ញុំខំថែរក្សាណាស់ នៅពេលដែលឃើញបែបនេះតើឈឺចាប់អត់ មិនមែនតែខ្ញុំ គឺបងប្អូនអ្នកសិល្បៈទាំងអស់»។
ក្រៅពីសិល្បករបូរាណខ្មែរ ក៏មានអ្នកដែលស្រឡាញ់ឧបករណ៍ភ្លេងខ្មែរ គឺលោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រតិកម្មនឹងសកម្មភាពដែលមិនផ្តល់តម្លៃ និងខ្វះការពិចារណាចំពោះការប្រើប្រាស់ឧបករណ៍ភ្លេងខ្មែរបែបនេះផងដែរ។
លោកថ្លែងដូច្នេះថា៖ «តើខ្វះឧបករណ៍ច្នៃធ្វើតុឬអី??? បានជាផលិតករកម្មវិធីនេះ មិនប្រើការពិចារណាឱ្យបានជ្រៅជ្រះអំពីឧបករណ៍ស្គរ ដ៏មានតម្លៃពីកេរ្តិ៍ដំណែលដូនតាខ្មែរ តាំងពីបុរាណកាលមក នោះគឺស្គរ «សម្ភោរ» ដែលជាទូទៅមុនប្រគំគឺគ្រូភ្លេងតែងនាំគ្នាអុជធូបថ្វាយ។ ឧបករណ៍ស្គរខ្មែរយើងខ្លះទៀត គឺគេប្រើ «ស្គរ» សម្រាប់ទួងយក «ជ័យ» ផង»។
លោក ឯម ច័ន្ទមករា បានលើកឡើងថា លោកគាំទ្រនឹងខ្លឹមសារនៃបទសម្ភាស និងផលិតកម្មវិធីដូចនេះ ប៉ុន្តែលោកប្រឆាំងដាច់ខាតក្នុងការយកឧបរកណ៍ភ្លេងបុរាណខ្មែរដែលមានតម្លៃនេះមកច្នៃធ្វើជាតុដាក់កែវទឹក ហើយសឹងតែអង្គុយស្ទើរដាក់ជើងលើ «ស្គរសម្ភារ» ទៅហើយ។
លោកបន្ថែមថា៖ «តើនោះគឺជាចេតនាឬអចេតនា? ខ្ញុំសង្ឃឹមថាម្ចាស់ផេក ឬផលិតករមិនមែនគ្រាន់តែលុបវីដេអូនេះទេ ប៉ុន្តែលោកអ្នកគប្បីពិចារណាធ្វើយ៉ាងណាឱ្យសមនឹងការធ្វើបែបនេះ»។
ព្រឹទ្ធបុរសរងនៅមហាវិទ្យាល័យតូរ្យតន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក កែវ ដូរីវណ្ណ បានលើកឡើងថា ការយក «ស្គរសម្ភោរ» ធ្វើជាតុ ដាក់លើដីបែបនេះ មិនមែនជាលើកទី១ទេដែលមានការយកឧបករណ៍បូរាណខ្មែរទៅប្រើប្រាស់ដោយគ្មានការឈ្វេងយល់ច្បាស់លាស់ត្រឹមត្រូវ។
សម្រាប់សាស្រ្តាចារ្យ កែវ ដូរីវណ្ណ «ស្គរសម្ភោរ» គឺគ្រូដ៏ធំ ប្រដូចជាឪពុកម្តាយដែលមានគុណមកលើកូនៗអ៊ីចឹង។ សាស្រ្តាចារ្យនៅមហាវិទ្យាល័យតូរ្យតន្ត្រីរូបនេះបានរៀបរាប់អំពីមុខងារនៃឧបករណ៍មួយនេះមកកាន់ EAC Newsថា៖ «គេប្រើឧបករណ៍នេះនៅក្នុងរបំាព្រះរាជទ្រព្យ នៅក្នុងតន្ត្រីពិណពាទ្យ។ ពាក្យថាតន្រ្តីគេយពិធីសំពះគ្រូ គឺគេយកសម្ភោរហ្នឹងឯង គឺដាក់លើហឹង។ នៅក្នុងរបាំព្រះរាជទ្រព្យវិញ សម្តេចព្រះរាមដែលលោកជាកូនស្តេចក៏ដោយ ជាគ្រូធំ ឬជារាស្រ្តសាមញ្ញក៏ដោយ គឺមុនការសម្តែងគឺត្រូវអុជធូប សំពះ និងថ្វាយបង្គំសម្ភោរហ្នឹងទៀតដើម្បីសេចក្តីសុខ»។
សាស្រ្តាចារ្យ កែវ ដូរីវណ្ណ បន្ថែមដូច្នេះថា៖ «រឿងអស់នេះប្រសិនជាសម្រាប់យើងជាខ្មែរ ខ្មែរយើងមានការយល់ដឹងពីតន្ត្រីបុរាណហ្នឹងតិចតួច គឺអត់ចាប់អារម្មណ៍ទេ ក៏ប៉ុន្តែយើងភ័យបារម្ភខ្លាចប្រទេសជិតខាងយើងដែលគេគោរពស្រឡាញ់ គេយល់ដឹង ឃើញទៅខ្លាចគេជាន់ពន្លិចយើងបន្ថែម»។
សាស្រ្តាចារ្យផ្នែកតូរ្យតន្ត្រីរូបនេះមិនបន្ទោសលើអ្នកផលិតកម្មវិធីទោះបីមានចេតនាក្តី ឬអចេតនាក្តី ប៉ុន្តែលោកណែនាំឱ្យមុននឹងប្រើប្រាស់ឧបករណ៍បុរាណខ្មែរណាមួយគួរតែមានការឈ្វេងយល់ឱ្យបានច្បាស់លាស់ ឬអាចសាកសួរអ្នកមានជំនាញសិល្បៈបុរាណខ្មែរជាមុនសិនដើម្បីជៀសវាងករណីនេះកើតឡើងម្តងទៀត។
ជុំវិញករណីនេះ លោក អ៊ុង ប៉េងអាន ដែលជាអ្នកបង្កើតមាតិកាវីដេអូចែករំលែកចំណេះដឹងអំពីបញ្ហាជំងឺផ្លូវចិត្ត និងផ្លូវកាយផ្សេងៗតាមរយៈផេកហ្វេសប៊ុក «Think with PingAnn គិតជាមួយប៊េងអាន» បានចេញវីដេអូសុំទោស ដោយលោកទទួលស្គាល់នូវកំហុសឆ្គងដែលលោកបានធ្វើក្នុងអំឡុងកិច្ចសម្ភាស ហើយលោកក៏បានលុបវីដេអូសម្ភោសនោះចោលផងដែរ។ លោកអះអាងថាលោកពិតជាគ្មានចេតនាក្នុងការប្រមាថលើស្គរសម្ភោរនេះទេ។
លោកនិយាយថា៖ «នៅកន្លែងដែលខ្ញុំអង្គុយសម្ភាសនៅខាងមុខហ្នឹង ខ្ញុំអត់បានដឹងទាល់តែសោះ ពុំបានត្រិះរិះពិចារណាឱ្យបានត្រឹមត្រូវ ខ្ញុំដាក់ស្គរសម្ភោរខាងមុខតាំង និងដាក់កែវទឹកនៅពីលើ វាជាកំហុស ១០០ភាគរយទៅលើខ្ញុំផ្ទាល់ដែលមិនបានគិតដិតដល់»។
ជាមួយគ្នានេះ លោកក៏បានអរគុណដល់សិល្បករជាច្រើនរូបដែលបានអប់រំ និងផ្តល់ជាការពន្យល់ក្នុងន័យបែបស្ថាបនា។ លោកបន្តថា៖ «ខ្ញុំនឹងយកវាជាមេរៀន ហើយខ្ញុំនឹងកែប្រែខ្លួនឯងឱ្យប្រសើរឡើងជាងមុន មុននឹងប្រើប្រាស់ត្រូវស្រាវជ្រាវឱ្យច្បាស់លាស់ ដើម្បីការប្រើប្រាស់ឱ្យបានត្រឹមត្រូវ»៕