
រដ្ឋមន្រ្តីមហាផ្ទៃរំលឹកសមាគមគ្រូបង្រៀនថានឹងចាត់វិធានការផ្លូវច្បាប់បើមិនផ្តល់របាយការណ៍មុនដំណាច់ខែកុម្ភៈ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃរំលឹកដល់សមាគមគ្រូបង្រៀនឱ្យផ្តល់នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ មកក្រសួងមហាផ្ទៃឱ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ តាមកាលកំណត់ មិនដូច្នោះទេក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។
នេះបើយោងតាមតាមលិខិតរបស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ដែលផ្ញើទៅប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោកស្រី អ៊ុក ឆាយ៉ាវី នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។
សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា៖ «សមាគមត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនីដែលត្រូវបើកសម្រាប់កិច្ចប្រតិបត្តិការរបស់ខ្លួននៅធនាគារ និងផ្តល់នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ ជូនមកក្រសួងមហាផ្ទៃ ឱ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំណត់។ ក្នុងករណីសមាគមមិនអនុវត្តតាមស្មារតីនៃលិខិតនេះ ក្រសួងមហាផ្ទៃនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន»។
សម្តេចក្រឡាហោមបានគូសបញ្ជាក់ថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានដឹកនាំក្រុមបាតុករ ធ្វើបាតុកម្មខុសច្បាប់លើទ្រូងផ្លូវសាធារណៈក្បែរទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និង ធ្វើការដង្ហែក្បួនដោយថ្មើរជើង ដើម្បីទៅដាក់ញត្តិនៅសាលាដំបូងរាជធានីភ្នំពេញ និងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដែលជាសកម្មភាពបំពាននឹងស្មារតី នៃកិច្ចប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញ៕