តាកែវ៖ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី លោកវរសេនីយ៍ឯក ឆាយ កែវមន្នី បានបញ្ជាក់ប្រាប់ EAC News ថាអាជ្ញាធរបានបញ្ជូនអតីតសង្ឃមួយអង្គគង់នៅវត្តទ្រព្យគរដែលបានយកចានវាយព្រះកេសសាមណេរមួយអង្គឱ្យរងរបួស ទៅតុលាការដើម្បីដោះសា្រយតាមនីតិវិធីច្បាប់នៅរសៀលថ្ងៃនេះ។
លោកវរសេនីយ៍ឯក ឆាយ កែវមន្នី បានប្រាប់ពីមូលហេតុដែលឈានដល់ការចាប់ផ្សឹក និងឃាត់ខ្លួនអតីតគ្រូសូត្រឆ្វេងនៃវត្តទ្រព្យគរ មុនដំបូងសាមណេរមួយអង្គដែលជាជនរងគ្រោះបានឈ្លោះទាស់ទែងដណ្តើមម្ហូប និងរុញសាមណេរមួយអង្គទៀត ទើបអតីតគ្រូសូត្រឆ្វេងនោះបានប្រដៅទូន្មានអប់រំ ប៉ុន្តែសាមណេរ(ជនរងគ្រោះ)នៅតែមិនស្តាប់ និងតមាត់ជាមួយអតីតគ្រូ ទើបអតីតគ្រូខឹងទ្រំាមិនបានក៏ជ្រុលដៃយកចានវាយលើជនរងគ្រោះបណ្តាលឱ្យបែកព្រះកេសរងរបួសធ្ងន់។
បើតាមអធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី អតីតសង្ឃរូបនោះរងពីបទ«អំពីហិង្សាដោយចេតនា»។ យោងតាមមាត្រា ២១៧ នៃក្រុមព្រហ្មទណ្ឌ ស្តីពីបទហិង្សាដោយចេតនាបានចែងថា ជនណាដែលបានប្រើអំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី២លានរៀល ទៅ៦លានរៀល។
សម្រាប់ បទហិង្សាដោយអចេតនា យោងតាមមាត្រា ២៣៦នៃក្រមព្រហ្មទណ្ឌ ជនដែលបង្កឱ្យមានរបួសដោយអចេតនា បទល្មើសបង្កឱ្យមានរបួសដោយអចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀលទៅ៤លានរៀល៕