ក្រៅពីប្ដូរឈ្មោះពី Muay មក «គុនខ្មែរ» សម្រាប់កីឡាស៊ីហ្គេមកម្ពុជាក៏ដាក់បញ្ចូលក្រម៉ាចូលក្នុងលក្ខខន្តប្រកួតនេះដែរ
ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន លើកឡើងក្នុងសន្និសីទ្ធសារព័ត៌មានស្តីអំពីកីឡាគុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ថា នឹងយកក្រម៉ាធ្វើជាឆ្នួតក្បាលពាក់នាពេលឡើងប្រកួតវិញ្ញាសាគុនខ្មែរ។
លោកបានឱ្យដឹងថា ការប្រកួតវិញ្ញាសាគុនខ្មែរ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ដោយប្រទេសទាំង៧ បានឯកភាពជាមួយកម្ពុជា ដោយយកក្រមាភ្ជាប់ដោយទង់ជាតិប្រទេសអាស៊ាននីមួយៗដែលចូលរួមធ្វើជាឆ្នួតក្បាល ហើយចំពោះប្រថាប់ដៃគឺអាចប្រើប្រាស់ផ្សេង រៀងៗខ្លួនតាមជំនឿរបស់ប្រទេសនីមួយៗ ប៉ុន្តែសម្រាប់កម្ពុជាគឺបានជ្រើសយកអំបោះឆៅប្រើជាប្រថាប់ដៃដែលតែងប្រើកន្លងមក ខណៈខ្មែរមានជំនឿថានេះជាជំនួយស្មារតីរបស់អ្នកប្រយុទ្ធ។
លោកថា៖ «យើងកំណត់ថានឹងយកក្រម៉ាដែលមានទង់ជាតិនៅពីមុខ ប៉ុន្តែប្រទេសផ្សេងៗទៀតដាក់ទង់ជាតិគេ តែប្រើក្រម៉ាដូចគ្នា»។
លោកបានបញ្ជាក់ថា ការកំណត់អត្តសញ្ញាណនេះនឹងត្រូវយកទៅអនុវត្តជាផ្លូវការនៅតាមបណ្តាសង្វៀនប្រកួតប្រដាល់គុនខ្មែរទាំងនៅក្នុងស្រុក និងក្រៅប្រទេស។
គួរឱ្យដឹងដែរថា មកដល់ពេលនេះមានប្រទេសក្នុងតំបន់អាស៊ានចំនួន ៧ប្រទេសរួមទាំងកម្ពុជា ចូលរួមប្រកួតវិញ្ញាសាគុនខ្មែរ Kun Khmer នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា៕