ភ្នំពេញ៖ មន្ត្រីនគរបាលមួយរូបដែលបានជិះម៉ូតូតាមឃាត់រថយន្តមួយគ្រឿងដែលអ្នកបើកបរមិនពាក់ខ្សែក្រវ៉ាត់កាលពីម៉ោង២យប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ នៅស្តុបចំការមន ឥឡូវនេះត្រូវបានផ្ទេរពីការិយាល័យចរាចរណ៍ទៅបម្រើការនៅកងអន្តរាគមន៍វិញ។
បើយោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មន្ត្រីនគរបាលរូបនោះក៏ត្រូវបានស្នងការដ្ឋានស្នើសុំទៅថ្នាក់លើឱ្យបន្ថយឋានន្តរសក្តិមួយថ្នាក់ពី អនុសេនីយ៍ទោ (ស័ក្កិ២) មកត្រឹមអនុសេនីយ៍ត្រី (ស័ក្កិ១)។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ការអនុវត្តច្បាប់ចរាចរណ៍ខាងលើនេះ គឺមិនបានឆ្លងកាត់បទបញ្ជា និងគ្មានគោលការណ៍ពីប្រធានអង្គភាពនោះទេ ហើយការអនុវត្តនេះគឺមិនត្រឹមត្រូវតាមម៉ោងដែរ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបំភ្លឺថា មន្ត្រីនគរបាលមួយរូបនោះបានអនុវត្តច្បាប់ចរាចរណ៍លើម្ចាស់រថយន្តមួយគ្រឿងក្នុងអំឡុងធ្វើដំណើរចេញពីផ្ទះបម្រុងទៅប្រជុំជួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លុះដល់ជិះដល់ស្តុបចំការមន មន្ត្រីនគរបាលនោះក៏បានឃើញ និងជិះតាមរថយន្ត ១គ្រឿង ម៉ាក Range Rover ពណ៌ខ្មៅ ដែលបើកបរក្នុងល្បឿនលឿន ដោយនិយាយទៅកាន់អ្នករួមដំណើរក្នុងរថយន្តនោះថា អត់ពាក់ខ្សែក្រវ៉ាត់ និងកុំថតអីសម្រួលគ្នាបានអត់។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានបញ្ជាក់ប្រាប់ EAC news ថា អ្នកបើកបរនោះក៏មានកំហុសដែរដែលមិនបានពាក់ខ្សែក្រវ៉ាត់។
លោកនិយាយដូច្នេះថា៖ «តាមច្បាប់មានចែង និងមានកំណត់ហើយ អ៊ីចឹងបុគ្គលណាដែលបើកបរអនុវត្តតាមច្បាប់ដែលបានកំណត់តាមការណែនាំ គឺខុស។ ការបើកបររថយន្ត ទោះបីជាម៉ោងណា ពេលណាក៏ដោយ ច្បាប់ត្រូវឱ្យពាក់ខ្សែក្រវ៉ាត់ មិនត្រូវនិយាយទូរសព្ទនៅ ឬក៏អនុវត្តផ្ទុយពីច្បាប់បានកំណត់ ដូចជាបើកម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព មិនត្រូវនិយាយទូរសព្ទ អ្វីដែលផ្ទុយពីច្បាប់គឺខុសហើយ»៕