ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្តេជ្ញាក្នុងការធានាឱ្យស្ត្រីនិងកុមារីមានពិការភាពទទួលបានសិទ្ធិស្មើភាព និងការការពារ
ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏ដូចជាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាឱ្យស្ត្រីនិងកុមារីមានពិការភាពទាំងអស់ឱ្យទទួលបានសិទ្ធិ ឱកាសស្មើភាព និងការការពារ។
ថ្លែងក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលជំនាញប្រាស្រ័យទាក់ទង ដល់ជនមានពិការភាពគ-ថ្លង់ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា លើកឡើងថាឆ្នាំ២០២៣នេះ ជាផែនការយុទ្ធសាស្ត្រជាតិទី២ សម្រាប់ពិការភាពដែលក្រសួងបានអនុវត្តដោយបានត្រួសត្រាយផ្លូវថ្មី និងស្វែងរកការបើកឱកាសកាន់តែច្រើនសម្រាប់ស្ត្រីនិងកុមារីដែលមានពិការភាព ទទួលបានអត្ថប្រយោជន៍ពេញលេញ។
ក្នុងនោះដែរក្រសួងសង្គមកិច្ច បានបង្កើតឱកាសការងារដែលមានជំនាញសម្រាប់ស្ត្រី ការសម្របសម្រួលដល់សហគ្រិនស្ត្រីឱ្យទទួលបានហិរញ្ញវត្ថុ និងការបណ្តុះបណ្តាលដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ។
លោកបានបន្តឱ្យដឹងទៀតថា ឆ្នាំ២០២៣ ក៏ជាឆ្នាំដែលរាជរដ្ឋាភិបាលនឹងត្រូវព្រាងរៀបចំផែនការយុទ្ធសាស្ត្រជាតិសម្រាប់ពិការភាពទី៣ ឆ្នាំ២០២៤-២០២៨ ក៏នៅតែបន្តរក្សានូវការយកចិត្តទុកដាក់ទៅលើការបណ្តុះបណ្តាលជំនាញ ការលើកកម្ពស់សមភាពយេនឌ័រ និងការបញ្ឈប់ការប្រើប្រាស់អំពើរហិង្សាលើស្រ្តីនិងក្មេងស្រីដែលមានពិការភាព។
លោក ឯម ច័ន្ទមករា មានជំនឿថាជនមានពិការភាពនឹងមានទំនុកចិត្តលើខ្លួនឯង ហ៊ានជជែកឬទំនាក់ទំនងស្វែងរកការគាំទ្រ ដើម្បីទទួលបានសិទ្ធិយ៉ាងពេញលេញហើយក្លាយជាការពិត ឈានទៅរក ការលប់បំបាត់នូវរាល់ការរើសអើងនិងអំពើហឹង្សាគ្រប់រូបភាព តាមរយៈវគ្គបណ្តុះបណ្តាលនេះ បន្ថែមពីការយកចិត្តទុកដាក់របស់ក្រសួង៕