កូរ៉េខាងជើង៖ រដ្ឋាភិបាលកូរ៉េខាងជើង បានបញ្ជាឱ្យមានការបិទខ្ទប់រដ្ឋធានីព្យុងយ៉ាង រយៈពេល ៥ថ្ងៃពេញ ដែលបណ្តាលមកពីបញ្ហាជំងឺផ្លូវដង្ហើមមួយប្រភេទ។ នេះបើតាមប្រភពព័ត៌៌មានដែលបានចុះផ្សាយនាយប់ថ្ងៃទី២៥ ខែមករាម្សិលមិញ ដែលជាលើកដំបូងបង្អស់ក្នុងការដាក់បំរាមទូទាំងរដ្ឋធានី ចាប់តាំងពីប្រទេសកូរ៉េខាងជើងបានប្រកាសពីជ័យជម្នះ និងបិទបញ្ចប់ការរាលដាលឆ្លងកូវីដ-១៩ កាលពីខែសីហា ឆ្នាំ២០២២កន្លងទៅ។
ប្រជាជនដែលស្នាក់នៅទីក្រុងព្យុងយ៉ាង ត្រូវបានបញ្ជាឱ្យស្នាក់នៅតែក្នុងផ្ទះចាប់ពីថ្ងៃពុធ រហូតដល់ថ្ងៃអាទិត្យសប្តាហ៍នេះ នឹងត្រូវរាយការណ៍អំពីស្ថានភាពកំដៅខ្លួនប្រចាំថ្ងៃមួយថ្ងៃពីរដងទៅកាន់អាជ្ញាធរ។ នេះបើតាមសេចក្តីរាយការណ៍ដោយសារព័ត៌មាន NK News ដែលមានមូលដ្ឋានរបស់ខ្លួននៅទីក្រុងសេអ៊ូលចុះផ្សាយ។
សេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលនេះ មិនបានបញ្ជាក់ពីបញ្ហាពាក់ព័ន្ធនឹងកូវីដ-១៩ទេ ប៉ុន្តែយ៉ាងណាមិញរោគសញ្ញានៃជំងឺដែលកំពុងកើតមាននេះកំពុងរាលដាលពាសពេញទីក្រុងព្យុងយ៉ាងដែលរួមមានទាំងជំងឺផ្តាសាយផងដែរ។ ក្រៅតែការបង្គាប់ឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះអំឡុងពេលបិទខ្ទប់ គេសង្កេតឃើញថាប្រជាជនក៏សម្រុកស្តុកទុករបស់របរចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផងដែរ ដោយព្រួយបារម្ភពីការបិទខ្ទប់រយៈពេលវែង។ ក្រៅតែពីការបិទខ្ទប់ក្នុងទីក្រុងព្យុងយ៉ាង មិនមានសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងតំបន់ផ្សេងៗទៀតនោះឡើយ។
ដោយឡែក បើតាមយោបល់របស់អ្នកជំនាញស្នើថា ស្ថានភាពបច្ចុប្បន្ននៃទីក្រុងធំជាងគេរបស់កូរ៉េខាងជើងនេះ ទំនងជាកំពុងធ្លាក់ចូលក្នុងការរាលដាលឆ្លងនៃកូវីដ-១៩ សាជាថ្មី។ យោងតាមអ្នកជំនាញបានឱ្យដឹងថា ស្ថានភាពកូវីដ-១៩ អាចត្រឡប់មក និងបាត់ទៅវិញតាមកត្តាអាកាសធាតុ ដែលមិនមែនតែក្នុងប្រទេសកូរ៉េខាងជើងនោះទេ តែនៅជុំវិញពិភពលោកតែម្តង។ ជាក់ស្តែង ឧបទ្វីបកូរ៉េបច្ចុប្បន្នកំពុងស្ថិតក្នុងការធ្លាក់ចុះនៃរលកអាកាសធាតុស៊ីបេរី ខណៈអាកាសធាតុនៅរដ្ឋធានីព្យុងយ៉ាងកំពុងធ្លាក់ចុះដល់ដកក្រោម ២២អង្សាសេ៕