ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាកម្ពុជាគ្មានសមត្ថភាពណាមួយក្នុងការផ្ដល់ជំនួយយោធាឲ្យប្រទេសអ៊ុយក្រែននោះទេ ខណៈសម្ដេចបញ្ជាក់ថាការបណ្ដុះបណ្ដាលអ្នកដោះមីនគឺជារឿងមនុស្សធម៌ប៉ុណ្ណោះ។
ថ្លែងក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យវេស្ទើន ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «រឿងបណ្ដុះបណ្ដាលអ្នកដោះមីននៅអ៊ុយក្រែន គឺជារឿងមនុស្សធម៌សុទ្ធសាធ។ សូមកុំច្រឡំ!»។
សម្ដេចតេជោថា ជាទូទៅកម្ពុជាបានបញ្ជូនកងទ័ពទៅធ្វើការដោះមីននៅក្រៅប្រទេសរួមចំណែកក្នុងការរក្សាសន្តិភាព ខណៈបច្ចុប្បន្នកម្ពុជាមានកងទ័ពសម្រាប់ជួយដោះមីននៅប្រទេសចំនួន៤គឺ ម៉ាលី ស៊ូដង់ខាងត្បូង អូម៉ង់ និងអាហ្វ្រិកកណ្ដាល៕