អាល្លឺម៉ង់៖ ក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga រួមទាំងក្របខណ្ឌលំដាប់ទី២ Bundesliga 2 នឹងនៅតែបន្តអនុញ្ញាតឱ្យមានការប្តូរកីឡាករបម្រុង ៥នាក់សម្រាប់រដូវកាល ២០២១/២០២២ខាងមុខនេះ ខណៈអ្នកគាំទ្ររបស់ក្រុមភ្ញៀវ នឹងត្រូវអនុញ្ញាតឱ្យមានវត្តមានក្នុងកីឡដ្ឋានឡើងវិញ ចាប់ពីថ្ងៃទី២៧ ខែសីហាខាងមុខ។ នេះបើយោងតាមការប្រកាសរបស់ស្ថាប័នលីគបាល់ទាត់អាល្លឺម៉ង់ (DFL) នៅថ្ងៃពុធម្សិលមិញនេះ។
សមាជិកនៃគណៈកម្មការលីគអាល្លឺម៉ង់ បានព្រមព្រៀងនិងឯកភាពក្នុងការជ្រើសរើសយកការអនុញ្ញាតឱ្យប្រើប្រាស់កីឡាករបម្រុងប្តូរចូលបាន ៥នាក់ក្នុងមួយប្រកួតបន្តមួយរដូវកាលទៀត ក្រោយពីគណៈកម្មការគ្រប់គ្រងលក្ខន្តិកៈបាល់ទាត់ IFAB បានឱ្យជម្រើសទៅកាន់លីគបាល់ទាត់នីមួយៗ នៅតែអាចប្រើប្រាស់ការផ្លាស់ប្តូរកីឡាករបាន ៥នាក់ដដែល រហូតដល់ដំណាច់ឆ្នាំ២០២២ខាងមុខនេះ។
គួរបញ្ជាក់ថា ការប្រកួតស្ទើរតែទាំងអស់ក្នុងរដូវកាល ២០២០/២០២១ កន្លងទៅ បានធ្វើឡើងដោយគ្មានអ្នកគាំទ្រទស្សនាផ្ទាល់នៅកីឡដ្ឋាន ក្រោយពីប្រទេសអាល្លឺម៉ង់ផ្ទាល់ រួមទាំងពិភពលោកទាំងមូលជួបប្រទះនូវវិបត្តិសកលកូវីដ-១៩។ យ៉ាងណាមិញសម្រាប់រដូវកាលថ្មីនេះ អ្នកគាំទ្រក្រុមម្ចាស់ផ្ទះត្រូវបានអនុញ្ញាតឱ្យចូលទស្សនាផ្ទាល់ឡើងវិញ ខណៈអ្នកគាំទ្រក្រុមភ្ញៀវនឹងត្រូវអនុញ្ញាតឱ្យធ្វើដំណើរចូលមកទស្សនាការប្រកួតក្រៅដី ចាប់ពីការប្រកួតសប្តាហ៍ទី៣តទៅ ពោលគឺចាប់ពីថ្ងៃទី២៧ ខែសីហាខាងមុខនេះ ក្នុងនោះការប្រកួតនីមួយៗតម្រូវឱ្យទុកចំនួនសំបុត្រ ៥ភាគរយសម្រាប់អ្នកគាំទ្រក្រុមភ្ញៀវ។
គួរបញ្ជាក់ថា សម្រាប់រដូវកាលថ្មីនៃក្របខណ្ឌកំពូលអាល្លឺម៉ង់ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១៣ ខែសីហាខាងមុខនេះ ខណៈការប្រកួតដ៏ជក់ចិត្តក្នុងសប្តាហ៍ដំបូង ក្រុមការពារតំណែងជើងឯក Bayern Munich នឹងត្រូវធ្វើដំណើរទៅជួបក្រុម Bourussia Moenchengladbach៕