ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក បានបិទក្រដាសសេចក្តីជូនដំណឹងនៅតាមតូបលក់គ្រឿងសមុទ្រនៅផ្លូវលេខ៥៩៨ ក្នុងភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដោយណែនាំឱ្យម្ចាស់អាជីវកម្មលក់គ្រឿងសមុទ្រទាំងអស់បញ្ចប់ការដាក់លក់នៅលើចិញ្ចើមផ្លូវ ឬតសំយ៉ាបដំបូងផ្ទះរំលោភលើចិញ្ចើមផ្លូវសាធារណៈ។
រដ្ឋបាលខណ្ឌទួលគោក បានទុកពេល៣ខែចាប់ពីថ្ងៃទី២៣ ខែមករា ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ឱ្យម្ចាស់អាជីវកម្មលក់គ្រឿងសមុទ្រផ្លាស់ប្ដូរទីតាំងអាជីវកម្មទៅកន្លែងថ្មីដែលមានលក្ខណៈ ស្ដង់ដារសមស្រប ដោយមិនប៉ះពាល់លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ។
រដ្ឋបាលខណ្ឌបានសង្កត់ធ្ងន់ថា ករណីម្ចាស់អាជីវកម្មមិនព្រមអនុវត្តតាមសេចក្តីជូនដំណឹងទេ រដ្ឋបាលខណ្ឌនឹងមានវិធានការរុះរើ និងដកហូតសម្ភារដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ និងខូចខាតឡើយ ហើយក្នុងករណីម្ចាស់អាជីវកម្មមានការរារាំង នោះរដ្ឋបាលខណ្ឌនឹងអនុវត្តវិធានការរដ្ឋបាលតាមផ្លូវច្បាប់។
ចំណាត់ការនេះធ្វើឡើងក្នុងគោលបំណងដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ៕