កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

ពលរដ្ឋចេញដើរកម្សាន្តទូទាំងប្រទេសប្រមាណ ១លាននាក់ នាបុណ្យចូលឆ្នាំចិន

ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន រយៈពេល ៤ថ្ងៃ ពីថ្ងៃទី២១-២៤ ខែមករា ឆ្នាំ២០២៣ ភ្ញៀវទេសចរបានចេញដើរកម្សាន្ត្រទូទាំងប្រទេសសរុប ១ ០៤៩ ២២២នាក់ ក្នុងនោះភ្ញៀវជាតិ ១ ០០៧ ១៦៦នាក់ និងភ្ញៀវបរទេស ៤២ ០៥៦នាក់។

របាយការណ៍ពីក្រសួងទេសចរណ៍បានឱ្យដឹងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះថា គោលដៅទេសចរណ៍សំខាន់ៗរយៈពេល ៤ថ្ងៃនេះ មានចំនួន ៧ខេត្ត រួមមាន ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពត ខេត្តប៉ៃលិន ខេត្តកំពង់ចាម និងខេត្តកែប។

គោលដៅទេសចរណ៍ទូទាំងប្រទេសសុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរច្រើនកកកុញ ព្រោះប្រជាពលរដ្ឋភាគច្រើនដើរកម្សាន្តជាលក្ខណៈក្រុមគ្រួសារ ហើយខ្លះទៀតបានដើរកម្សាន្តច្រើនគោលដៅ ដោយឡែកខេត្តព្រះសីហនុមានភ្ញៀវទេសចរច្រើនជាងគេចំនួន ២៩៦ ០២៨នាក់ ដោយភ្ញៀវទេសចរភាគច្រើនធ្វើដំណើរវិលល្ងាចតាមផ្លូវល្បឿនលឿន។

ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា ដោយសារពិធីបុណ្យចូលឆ្នាំចិនក្នុងឆ្នាំនេះ ប៉ះចំចុងសប្តាហ៍ទើបសង្កេតឃើញថាចរន្តភ្ញៀវទេសចរ និងការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋទៅកាន់គោលដៅទេសចរណ៍នានាមានច្រើន។

ជាមួយគ្នានេះដែរ ប្រជាជនមួយចំនួនបានត្រឡប់ចូលរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ ហើយខ្លះទៀតបានត្រលប់ចូលវិញនាល្ងាចម្សិលមិញ ខណៈដែលអាជីវករនៅតាមផ្សារ និងលក់ដូរនៅតាមផ្ទះបានបិទតូប និងហាងជាបណ្តោះអាសន្នក្នុងរយៈពេលចូលឆ្នាំនេះ ដើម្បីជួបជុំគ្រួសារ និងដើរកម្សាន្ត និងមានអង្គភាព និងស្ថាប័នមួយចំនួនបានអនុញ្ញាតឱ្យបុគ្គលិកឈប់សម្រាក ដោយដាក់ជាកម្មវិធីប្រជុំបូកសរុបប្រចាំឆ្នាំជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក