ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ពលរដ្ឋក្នុងតំបន់អង្គររៀបចំពិធីឡើងអ្នកតាដែលជាទំនៀមពីបុរាណ

សៀមរាប៖ ពលរដ្ឋរស់នៅតំបន់អង្គរ បានរៀបចំពិធីឡើងអ្នកតា ឬពិធីបុណ្យឡើងមាឃ ដែលជាទំនៀមពីបុរាណកាលមករាល់ថ្ងៃ៣កើត ខែមាឃ ក្នុងបំណងសុំសេចក្ដីសុខ និងបញ្ជៀសពីជំងឺឈឺថ្កាត់នានា។

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា នៅថ្ងៃ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ក្នុងឆ្នាំនេះ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ អ្នកភូមិនគរក្រៅ បានជួបជុំគ្នានៅបរិវេណខ្ទមអ្នកតានៅក្នុងភូមិ ដែលមានឈ្មោះថា តាគង់ ដើម្បីប្រារព្ធពិធីឡើងមាឃ ឬពិធីឡើងអ្នកតា ក្រោយពេលបញ្ចប់រដូវច្រូតកាត់ និងត្រៀមរដូវកាលធ្វើស្រែចម្ការក្នុងឆ្នាំថ្មី និងសុំសេចក្តីសុខចម្រើនដល់ភូមិឋានទាំងមូល ធ្វើស្រែចម្ការទទួលបានភោគផលច្រើន ជៀសផុតពីជំងឺចង្រៃផ្សេងៗ។

ក្នុងពិធីឡើងមាឃ ឬឡើងអ្នកតានេះ អ្នកភូមិដែលចូលរួម បានរៀបចំនំបញ្ចុក សម្លប្រហើរ សម្លការី នំចំណី និងផ្លែឈើ ព្រមទាំងគ្រឿងដង្វាយខ្លះទៀតមានដូចជា ក្បាលជ្រូក មាន់ស្ងោរ ភេសជ្ជៈផ្សេងៗ ព្រមទាំងគ្រឿងស្រវឹងខ្លះផង យកមករៀបចំធ្វើជាគ្រឿងសំណែន និងដង្វាយ រួមទាំងស្លាធម៌ បាយសី ទៀន ធូប បារី ខោ អាវ និងក្រុមអ្នកភ្លេងអារក្ស មកជួបជុំគ្នាអុជទៀន ធូបបួងសួង ដោយមានអ្នកស្នងរូប ដើម្បីឱ្យលោកតាបានរាំរែកសប្បាយ ជក់បារី ទទួលសម្លៀកបំពាក់ថ្មី ដែលអ្នកភូមិជឿថា បើអ្នកតាសប្បាយចិត្ត អ្នកភូមិនឹងបានសុខសប្បាយតរៀងទៅ។

ក្រៅពីអ្នកភូមិនគរក្រៅ ក៏មានអ្នកភូមិផ្សេងៗក្នុងតំបន់អង្គរនាំគ្នាធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាដូចគ្នាដែរ ដូចជានៅគោកតារាជនៃប្រាសាទអង្គរវត្ត ទួលដូនប៉ុកប្រាសាទវត្តអាធ្វារជាដើម។

គួរឱ្យដឹងដែរថា បច្ចុប្បន្នជំនឿបែបនេះនៅបន្តក្នុងជីវិតនិងជីវភាពរស់នៅរបស់ប្រជាជនខ្មែរយ៉ាងខ្ជាប់ខ្ជួននៅឡើយ ជាពិសេសនៅតាមស្រុកជនបទ ដោយគេបានបង្កើតនូវរូបតំណាង និងសង់ជាខ្ទមសម្រាប់ការសែនព្រេន និងបន់ស្រន់ផ្សេងៗ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក