លោកស្រី សៀង ចាន់ហេង ប្រគល់ដី ៥០ហិកតាឱ្យទៅលោកស្រី ហ៊ុន ប៊ុនធឿន ដើម្បីបញ្ចប់ជម្លោះដីធ្លីនៅស្រុកស្អាង
កណ្តាល៖ ជម្លោះវិវាទដីធ្លីរវាងលោកស្រី សៀង ចាន់ហេង និងលោកស្រី ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់ ក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ត្រូវបានដោះស្រាយបញ្ចប់ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។
វិវាទដីធ្លីនេះត្រូវបានបញ្ចប់ ក្រោយពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំដោយកោះហៅភាគីទាំងពីរមកដោះស្រាយគ្នា ក្នុងនោះភាគីទាំងពីរបានព្រមបញ្ចប់រឿងដោយឯកភាពគ្នាដកពាក្យបណ្តឹងដែលបានដាក់នៅគ្រប់ស្ថាប័ន និងស្ថាប័នតុលាការ។ ព្រមទាំងសំណុំរឿង រក្សាការពារទាំងអស់យ៉ាងយូរ ២សប្ដាហ៍គិតចាប់ពីថ្ងៃចុះកិច្ចព្រមព្រៀងនេះ។
លោកស្រី សៀង ចាន់ហេង ព្រមប្រគល់ដីវិវាទទំហំ ៥០ហិកតា ៨អា ស្ថិតនៅភូមិ ទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ជូនលោកស្រី ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់។ លោកស្រីទាំងពីរនាក់ក៏បានយល់ព្រមទទួលដីដែលប្រគល់ជូននោះ៕