ភ្នំពេញ៖ ប្រតិភូវិនិយោគបារាំងដែលដឹកនាំដោយ រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស លោក អូលីវេ្យ បិច (Olivier Becht) បានអញ្ជើញចូលជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាពនាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។
ជំនួយការសម្តេចតេជោ គឺលោក អ៊ាង សុផល្លែត បានបញ្ជាក់ថា ប្រតិភូបារាំងមានជំនឿក្នុងការវិនិយោគនៅកម្ពុជាយ៉ាងខ្លាំងក្រោមមូលហេតុថាកម្ពុជាបានចាប់ផ្តើមពីចំណុចសូន្យ ហើយបានបំបែកឯកត្តកម្មលើការជំរុញកំណើនសេដ្ឋកិច្ចរយៈពេល ២០ឆ្នាំ។
ប្រតិភូវិនិយោគបារាំងបានថ្លែងថា៖ «ដោយកម្ពុជាបន្តធ្វើការកំណែទម្រង់បង្កបរិយាកាសអំណោយផលក្នុងការវិនិយោគនៅកម្ពុជា និងកម្ពុជាកំពុងតែមានអ្នកមានចំណូលមធ្យមច្រើន»។
ក្រោមហេតុផលនេះ ប្រតិភូបារាំងបានសម្រេចចិត្តនឹងធ្វើការជាមួយកម្ពុជាស្វែងរកការវិនិយោគលើវិស័យរថភ្លើងល្បឿនលឿន វិស័យដឹកជញ្ជូនតាមផ្លូវអាកាស គោក និងទឹក សំណង់ និងវិស័យឯទៃទៀត។ ជាពិសេសនឹងស្វែងយល់អំពីសម្តេចតេជោ ពីវិស័យវិយោគដែលជាអាទិភាពរបស់កម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោ បានជម្រាបជូនប្រតិភូបារាំងទាំងមូលថា កម្ពុជាអនុញ្ញាតឱ្យបារាំងធ្វើការវិនិយោគនៅកម្ពុជា ១០០ភាគរយសម្រាប់ផ្លូវដែកថ្មីល្បឿនលឿនពីភ្នំពេញទៅកាន់ទីក្រុងហូជីមិញ។ ចំពោះផ្លូវដែក ២ខ្សែទៀត ដែលមានស្រាប់ត្រូវធ្វើការពង្រីក ហើយលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យឯកជនតាមរយៈ BOT។
ពាក់ព័ន្ធនឹងថាមពលស្អាត សម្តេចតេជោបញ្ជាក់ថា កម្ពុជាកំពុងតែប្រើប្រាស់ថាមពលស្អាតប្រមាណ ៦២ភាគរយ ហើយក៏កំពុងតែទាក់ទងអ្នកវិនិយោគមកបន្ថែមទៀតដោយមិនអនុញ្ញាតឱ្យបង្កើតរោងចក្រធ្យូងថ្មថ្មី ឬធ្វើទំនប់វីរអគ្គិសនីកាត់ទន្លេមេគង្គឡើយ។
ជាមួយគ្នានេះកម្ពុជាលើកទឹកចិត្តឱ្យមានការប្រើប្រាស់ថាមពលព្រះអាទិត្យ។ លើសពីនេះសម្តេចក៏បានជំរុញឱ្យមានវិនិយោគលើវិស័យឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ និងជំរុញឱ្យមានការវិនិយោគលើឧស្សាហកម្មកែច្នៃ ខណៈកម្ពុជាមានវត្ថុធាតុដើមដូចជា កៅស៊ូ ស្វាយចន្ទី ដំឡូង ស្រូវ។ល។ សម្រាប់ការនាំចេញទៅកាន់ទីផ្សារដទៃទៀតដែលជាដៃគូរបស់កម្ពុជា៕