ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

អតីតឯកអគ្គរាជទូតខ្មែរប្រចាំ UN នៅហ្សឺណែវ លោក អាន សុខខឿន ក្លាយជាអ្នកនាំពាក្យក្រសួងការបរទេស

ភ្នំពេញ៖ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងធ្លាប់ជាអតីតឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅហ្សឺណែវ ប្រទេសស្វីស លោក អាន សុខខឿន បានបន្តការងារជាអ្នកនាំពាក្យក្រសួងការបរទេស បន្តពីលោក ជុំ សន្ទរី ដែលប្ដូរកាន់ភារៈកិច្ចថ្មី។

អតីតអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី២១ ខែមករា មុនពេលដែលលោកបញ្ចប់តួនាទីជាអ្នកនាំពាក្យថា លោកបានឈប់ពីអ្នកនាំពាក្យក្រសួងការបរទេស ហើយលោក អាន សុខខឿន នឹងត្រូវក្លាយជាអ្នកនាំពាក្យថ្មីរបស់ក្រសួង។

លោក អាន សុខខឿន បានកសាងកេរ្ត៍ឈ្មោះរបស់លោកនៅពេលលោកបានក្លាយជា ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅហ្សឺណែវ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសហព័ន្ធស្វីសពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២។ ការងាររបស់លោករយៈពេល ៣ឆ្នាំនេះបានការពារមុខមាត់កម្ពុជាជាខ្លាំងក្នុងកិច្ចប្រជុំនានារបស់អង្គការសហប្រជាជាតិ ពិសេសទាក់ទងការវាយប្រហាររបស់ប្រទេសមួយចំនួនលើសិទ្ធិមនុស្សកម្ពុជាក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ។

តាមការសង្កេតលោកមិនត្រឹមតែការពារនោះទេ ថែមទាំងឆ្លើយតបទៅវិញបានចំៗ និងរហ័សផងដែរ។

លោក អាន សុខខឿន បានឆ្លើយតបប្រាប់ EAC News តាមសារអេឡិចត្រូនិចតេឡេក្រាមថា បើពិនិត្យលើតួនាទីជាឯកអគ្គរាជទូត និងអ្នកនាំពាក្យនាពេលបច្ចុប្បន្នបើពិនិត្យឱ្យស៊ីជម្រៅគឺមិនខុសគ្នាប៉ុន្មាននោះទេ។ មិនខុសគ្នានោះគឺតួនាទីទាំងពីរគឺការការពារប្រយោជន៍ជាតិ កិត្តិយសរបស់កម្ពុជា និងរួមចំណែកក្នុងការទាក់ទាញអ្នកវិនិយោគមកកម្ពុជា។

លោកថា៖ «ដោយហេតុថា ការងាររួមគឺដូចគ្នា ពោលគឺការខិតខំប្រឹងប្រែងការពារផលប្រយោជន៍ជាតិ លើកកំពស់កិត្តិយសនិងកេតនាមរបស់កម្ពុជា និងរួមចំណែកទាក់ទាញវិនិយោគទុនបរទេសចូលមកកម្ពុជា តាមរយៈការផ្សារភ្ជាប់ទំនាក់ទំនង ផ្តល់ព័ត៌មាន ពន្យល់បកស្រាយបំភ្លឺជូនភ្ញៀវបរទេស។ អ្វីដែលខុសគ្នាគឺត្រង់ថា មួយនៅក្នុងប្រទេសមួយទៀតនៅក្រៅប្រទេស។ សំខាន់គឺត្រូវរិះរកមធ្យោបាយយ៉ាងណា លើកកម្ពស់ប្រសិទ្ឋភាពការងារ ដើម្បីផលប្រយោជន៍ជាតិមាតុភូមិ»។

លោកបានបញ្ជាក់បន្ថែមថា ភារកិច្ចដែលលោកទទួលបានថ្មីនេះគឺជាកិត្តិយសនិងការទទួលខុសត្រូវថ្មីមួយរបស់លោកដែលថ្នាក់ដឹកនាំក្រសួងមានទំនុកចិត្តប្រគល់ឱ្យលោកបំពេញតួនាទី ខណៈក្នុងតួនាទីថ្មីលោកនឹងពង្រឹកទំនាក់ទំនាក់រវាងក្រសួងដែលមានស្រាប់ជាមួយអ្នកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកនាំពាក្យតាមបណ្ដាក្រសួងស្ថាប័នផ្សេងទៀតឱ្យកាន់តែមានប្រសិទ្ធភាព។

លោកថា៖ «ខ្ញុំនឹងបន្តពាំនាំជូនអ្នកសារព័ត៌មាននិងសាធារណមតិ នូវព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា ដែលឆ្លុះបញ្ជាំងពីគោលនយាបាយ សកម្មភាព សមិទ្ធផល និងគោលជំហររបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងកិច្ចការទ្វេភាគី តំបន់ និងអន្តរជាតិ»។

អ្នកនាំពាក្យគឺជាអ្នកដែលត្រូវបានជ្រើសរើសឱ្យនិយាយតំណាងជាផ្លូវការឱ្យក្រុម ឬស្ថាប័នណាមួយ។ តួនាទីនេះមានការទទួលខុសត្រូវខ្ពស់ក្នុងការការពារស្ថាប័ន និងលើកតម្កើនស្ថាប័នដែលខ្លួនតំណាង។

នៅថ្ងៃទី២៤ ខែមករា ម្សិលមិញលោក អាន សុខខឿន បានចេញសេចក្ដីប្រកាសព័ត៌មានដំបូងបន្ទាប់ពីទទួលភារកិច្ចថ្មីដោយបានឆ្លើយតបច្រានចោលព័ត៌មានដែលថាប្រទេសកម្ពុជាបានផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន។ ក្នុងសេចក្ដីប្រកាសនោះបញ្ជាក់ថាការផ្ដល់ជំនួយផ្នែកបណ្ដុះបណ្ដាលបច្ចេកទេសដោះមីន មិនមែនជាជំនួយយោធានោះទេ គឺស្ថិតក្រោមបេសកម្មរក្សាសន្ដិភាពរបស់កម្ពុជាប៉ុណ្ណោះ។

គួរឱ្យដឹងដែរថា នៅក្នុង Channel Telegram ដែលមានឈ្មោះថា «Demografiya upala» បានផ្សាយឈ្មោះប្រទេសដែលផ្តល់ជំនួយយោធា ផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន និងប្រទេសដែលគាំទ្រប្រទេសរុស្ស៊ី ហើយ Channel Telegram នេះបានផ្សាយថាកម្ពុជាស្ថិតក្នុងបណ្តាប្រទេសដែលផ្តល់ជំនួយយោធាឱ្យអ៊ុយក្រែន។

ជាមួយគ្នានេះដែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំរុញឱ្យ Channel Telegram «Demografiya upala» កែតម្រូវការផ្សព្វផ្សាយព័ត៌មានខាងលើ ខណៈព័ត៌មាននេះជាព័ត៌មានមិនពិត លើសពីនេះអាចធ្វើឱ្យប៉ះពាល់ដល់ប្រទេសកម្ពុជា ដែលជាប្រទេសស្រឡាញ់សន្តិភាពប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសអព្យាក្រឹតភាព ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាផងដែរ។

យ៉ាងណាមិញ Channel Telegram «Demografiya upala» កែសម្រួលការផ្សាយរបស់ខ្លួនដោយបញ្ជាក់ថា «ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថា ជំនួយរបស់ពួកគេក្នុងការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន គឺជាជំនួយមនុស្សធម៌ មិនមែនជាជំនួយយោធាទេ។ យើងគោរពគោលជំហររបស់ប្រទេសកម្ពុជា (និងបានកែសម្រួលព័ត៌មានវិទ្យា)។ ម្យ៉ាងវិញទៀត យើងកត់សំគាល់ថា ការគាំទ្រផ្នែកយោធាមានន័យថា បញ្ជីនៃការផ្គត់ផ្គង់ និងសកម្មភាពទូលំទូលាយជាងអាវុធ និងគ្រាប់រំសេវ»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក