ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

មនុស្ស ១ពាន់នាក់ត្រៀមខ្លួនក្នុងការសម្តែងសិល្បៈ វប្បធម៌ និងកីឡា ក្នុងកម្មវិធីរាប់ថយក្រោយ ១០០ថ្ងៃនៃការប្រកួតស៊ីហ្គេម

ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា មនុស្សចំនួន ១ពាន់នាក់ បានត្រៀមខ្លួនរួចរាល់ក្នុងការសម្តែងសិល្បៈ វប្បធម៌ និងកីឡា នៅក្នុងកម្មវិធីរាប់ថយក្រោយ ១០០ថ្ងៃនៃព្រឹត្តិការណ៍ស៊ីហ្គេម ដែលចាប់ផ្តើមធ្វើពីម៉ោង ៤រសៀលតទៅ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មការជំនាញនានាកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ លោក វ៉ាត់ ចំរើន បានលើកឡើងថា ក្រៅពីនេះ កម្ពុជាក៏បានអញ្ជើញនាយបេសកកម្មស៊ីហ្គេមនៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ប្រទេស មកចូលរួមក្នុងពិធីរាប់ថយក្រោយ ១០០ថ្ងៃនេះផងដែរដើម្បីជាសក្ខីភាពបញ្ជាក់អំពីការត្រៀមខ្លួនបានរួចរាល់របស់ម្ចាស់ផ្ទះកម្ពុជា ជូនជនរួមជាតិ និងអន្តរជាតិ។

លោកគូសបញ្ជាក់ថា កម្មវិធីរាប់ថយក្រោយ ១០០ថ្ងៃនេះនឹងមានការផ្សាយបន្តផ្ទាល់ពីបណ្តាញទូរទស្សន៍ បណ្តាញសង្គម ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីសមាគមទូរទស្សន៍កម្ពុជា ជាពិសេសក្រោមការផ្តល់ការគាំទ្រយ៉ាងក្លៀវក្លាពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធាន CAMSOC លោក ខៀវ កាញារីទ្ធ។

ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បានបន្តថា កម្ពុជាក៏នឹងត្រៀមរៀបចំខ្សែទស្សនកិច្ច និងការត្រួតពិនិត្យចុងក្រោយ នូវកន្លែងហូបចុក ស្នាក់នៅ ទីតាំងហ្វឹកហាត់ ទីតាំងប្រកួតជូនដល់ប្រតិភូកីឡាអាស៊ាន និងអន្តរជាតិផងដែរ។

លោកថ្លែងថា៖ «ជារួម លើបញ្ហានេះ កម្ពុជាបានត្រៀមខ្លួន ចន្លោះពី ៧០ ទៅ ៨០ភាគរយហើយ ដោយនៅសេសសល់ត្រឹមចន្លោះពី២០ ទៅ៣០ភាគរយប៉ុណ្ណោះ ដើម្បីឱ្យចលនានៃការរៀបចំបានគត់មត់ និងប្រសិទ្ធភាពខ្ពស់ សម្រាប់ការទទួលបដិសណ្ឋារកិច្ច ហូបចុក ស្នាក់នៅ និងការប្រកួតជាដើម»។

លោកបន្ថែមថា សហព័ន្ធកីឡជាតិទាំងអស់ កំពុងខិតខំប្រឹងប្រែងរៀបចំកម្មវិធីប្រកួតរៀងៗខ្លួន ជាមួយសហព័ន្ធកីឡាអន្តរជាតិរបស់ខ្លួន ព្រមទាំងបានចេញបទបញ្ជានៃការប្រកួតគ្រប់ប្រភេទកីឡាបានច្បាស់លាស់អស់ហើយ។

អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានគូសបញ្ជាក់ទៀតថា កម្ពុជាបានបង្ហាញកងកម្លាំងការពារស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដើម្បីត្រៀមផ្តល់ភាពកក់ក្តៅ ថែរក្សាសុខសុវត្ថិភាពជូនដល់ប្រតិភូកីឡាអាស៊ាន និងភ្ញៀវអន្តរជាតិមកពីគ្រប់ទិសទី ស្របតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជា គឺមិនមានសារធាតុ ក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមឡើយ។

លោកថា៖ «យើងទាំងអស់គ្នា បាននឹងកំពុងប្តេជ្ញាចិត្តខ្ពស់ ក្នុងការត្រៀមរៀបចំគ្រប់ផែនការសកម្មភាពទាំងអស់ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញឱ្យព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រលើកដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ ទទួលបានជោគជ័យដ៏ធំធេងជូនជាតិ និងកំណត់ត្រាជាប្រវត្តិសាស្ត្រអាស៊ានផងដែរ»។

លោកបានអំពាវនាវប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស សូមចូលរួមគាំទ្រដោយសេរីឥតគិតថ្លៃ ក្នុងពិធីរាប់ថយក្រោយ ១០០ថ្ងៃ នាល្ងាចថ្ងៃពុធនេះនៅពហុកីឡដ្ឋានជាតិមរតកតេជោ ឱ្យបានច្រើនកុះករ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក