ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ ជាភាសាអង់គ្លេសកាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ដោយប្រកាសបដិសេធចំពោះការផ្សាយព័ត៌មានថាកម្ពុជា ជាប្រទេសដែលបានផ្ដល់ជំនួយយោធាសម្រាប់អ៊ុយក្រែន ដែលនេះជាព័ត៌មានមិនពិត។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ការសម្រេចចិត្តផ្ដល់ជំនួយផ្នែកបណ្ដុះបណ្ដាលបច្ចេកទេស ដោះគ្រាប់មីន ដល់អ្នកដោះមីនមកពីប្រទេសអ៊ុយក្រែន នៅក្នុងប្រទេសកម្ពុជា គឺក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA ដែលធ្វើឡើងដោយផ្អែកលើគោលការណ៍មនុស្សធម៌ ដូចគ្នានឹងបេសកកម្មរក្សាសន្តិភាពនានារបស់កម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅក្នុងតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ាផងដែរ។
គួរឱ្យដឹងដែរថា នៅក្នុង Channel Telegram ដែលមានឈ្មោះថា «Demografiya upala» បានផ្សាយឈ្មោះប្រទេសដែលផ្តល់ជំនួយយោធា ផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន និងប្រទេសដែលគាំទ្រប្រទេសរុស្ស៊ី ហើយ Channel Telegram នេះបានផ្សាយថាកម្ពុជាស្ថិតក្នុងបណ្តាប្រទេសដែលផ្តល់ជំនួយយោធាឱ្យអ៊ុយក្រែន។
ជាមួយគ្នានេះដែរ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំរុញឱ្យ Channel Telegram «Demografiya upala» កែតម្រូវការផ្សព្វផ្សាយព័ត៌មានខាងលើ ខណៈព័ត៌មាននេះជាព័ត៌មានមិនពិត លើសពីនេះអាចធ្វើឱ្យប៉ះពាល់ដល់ប្រទេសកម្ពុជា ដែលជាប្រទេសស្រឡាញ់សន្តិភាពប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសអព្យាក្រឹតភាព ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជាផងដែរ។
យ៉ាងណាមិញ Channel Telegram «Demografiya upala» កែសម្រួលការផ្សាយរបស់ខ្លួនដោយបញ្ជាក់ថា «ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថា ជំនួយរបស់ពួកគេក្នុងការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន គឺជាជំនួយមនុស្សធម៌ មិនមែនជាជំនួយយោធាទេ។ យើងគោរពគោលជំហររបស់ប្រទេសកម្ពុជា (និងបានកែសម្រួលព័ត៌មានវិទ្យា)។ ម្យ៉ាងវិញទៀត យើងកត់សំគាល់ថា ការគាំទ្រផ្នែកយោធាមានន័យថា បញ្ជីនៃការផ្គត់ផ្គង់ និងសកម្មភាពទូលំទូលាយជាងអាវុធ និងគ្រាប់រំសេវ»។
គួរឱ្យដឹងថា កាលពីពេលថ្មីៗនេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីនដល់អង្គភាពផ្តល់សេវាកម្មរដ្ឋ ក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU) ដើម្បីជួយប្រជាជនអ៊ុយក្រែនរំដោះខ្លួនពីការស្លាប់ ការរងរបួស និងការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម។