
មេធាវីរាជរដ្ឋាភិបាល ចាត់ទុកទង្វើរបស់ ឡុង សុគន្ធារៈ បានបង្កវិទ្ធង្សនាដល់ស្ថិរភាពសង្គម សន្តិសុខនៃរដ្ឋ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ
ភ្នំពេញ៖ ក្រុមមេធាវីរាជរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍ថោ្កលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គលឈ្មោះ ឡុង សុគ្ធនារៈ ដែលបានប្រើពាក្យសម្តីដ៏ព្រហើនអសីលធម៌ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្លៃថ្លូររបស់លោក ហ៊ុន ម៉ាណែត សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត។
ក្រុមមេធាវីរាជរដ្ឋាភិបាល ប្រឆាំងដាច់ខាត និងមិនអាចទទួលយកបានឡើយ នូវទង្វើបំពានច្បាប់ ដ៏គឃ្លីន និងសម្ដីដ៏អាក្រក់ជួជាតិអសីលធម៌ជាទីបំផុតរបស់បុគ្គលកញ្ជះបរិវារដាច់ថ្លៃរបស់ទណ្ឌិតក្បត់ជាតិបី ជំនាន់រូបនេះ។
ក្រុមមេធាវីរាជរដ្ឋាភិបាល បានចាត់ទុកអំពើដែលប្រព្រឹត្តដោយជនអគតិម្នាក់នេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស កិត្តិនាម និងសេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល។ ទង្វើនេះក៏បានស្តែងឱ្យឃើញពីចេតនាបង្កប់ដោយចរិតញុះញង់ បង្កវិទ្ធង្សនាដល់ស្ថិរភាពសង្គម សន្តិសុខនៃរដ្ឋ និងភាព សុខសាន្តរបស់ប្រជាពលរដ្ឋ។
ក្រុមមេធាវីរាជរដ្ឋាភិបាល សំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច សហការចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ចំពោះបុគ្គលពាលក្រៅសង្គមរូបនេះ ព្រមទាំងជនទាំងឡាយណា ដែលប្រព្រឹត្តល្មើសនឹងច្បាប់ និងប៉ុនប៉ងបង្កនូវមហន្តរាយ ចេតនាបំផ្លាញនូវភាពសុខសាន្តរបស់ប្រជាជាតិ និងសង្គមជាតិកម្ពុជា។
ក្រុមមេធាវីរាជរដ្ឋាភិបាលបានថ្លែងដូច្នេះថា៖ «សូមគាំទ្រយ៉ាងមហោឡារិក ដោយភក្តីភាពឥតងាករ ចំពោះគោលនយោបាយដ៏ត្រឹមត្រូវ និងវីរភាពដឹកនាំ ប្រកបដោយប្រាជ្ញាញាណដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ នាយករដ្ឋមន្តី ក្នុងការការពារ និងថែរក្សាសុខសន្តិភាព នីតិរដ្ឋ ស្ថិរភាពនយោបាយ ប្រជាធិបតេយ្យ ការអភិវឌ្ឍ និងភាព សុខដុមរមនានៅកម្ពុជា ព្រមទាំងបាននាំមកជូនជាតិ នូវកិត្តិយស កិត្តិស័ព្ទ និងកិត្យានុភាព ល្បីសុះសាយ ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ»៕