សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតថ្វាយសារលិខិតថ្លែងអំណរគុណព្រះមហាក្សត្រដែលព្រះអង្គបរិច្ចាករាជទ្រព្យ ១ពាន់ដុល្លារដល់កាកបាទក្រហម
ភ្នំពេញ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះទានព្រះរាជទ្រព្យចំនួន ១ពាន់ដុល្លារ ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែមករា ឆ្នាំ២០២៣។
ក្នុងសារលិខិតនោះមានខ្លឹមសារថា៖ «ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្ដីរីករាយឥតឧបមាដោយបានទទួលនូវព្រះរាជទ្រព្យចំនួន 1,000USD (មួយពាន់ដុល្លារអាមេរិក) អំពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែមករា ឆ្នាំ២០២៣ តាមរយៈសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង»។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនក៏បានបញ្ជាក់ទៀតថា ចំពោះព្រះរាជទានព្រះរាជទ្រព្យនេះ គឺដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ជួយសង្គ្រោះប្រជារាស្រ្តកម្ពុជាក្រីក្រទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ៕