ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ប្រធានព្រឹទ្ធសភាណែនាំដល់ឯកអគ្គរាជទូតកម្ពុជាត្រូវបំពេញការងារដោយគិតគូរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានជំរុញឯកអគ្គរាជទូតកម្ពុជាដែលត្រូវចេញទៅបំពេញការងារនៅប្រទេសដែលខ្លួនត្រូវតំណាងឱ្យកម្ពុជាត្រូវក្តាប់ជាប់ និងគិតគូរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរដែលរស់នៅប្រកបអាជីវកម្ម និងធ្វើការងារនៅប្រទេសដែលខ្លួនតាំងនៅ។ ការជំរុញនេះធ្វើឡើងក្នុងពេលដែលសម្ដេចបានអនុញ្ញាតឲ្យឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មីចំនួន ៨រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា។

ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មីចំនួន ៨រូប ដែលចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ពីសម្ដេច រួមមានលោក កុយ គួង ឯកអគ្គរាជទូតប្រចាំនៅប្រទេសឥណ្ឌា លោក ហ៊ុន សារឿន ឯកអគ្គរាជទូតប្រចាំនៅប្រទេសថៃឡង់ដ៏ លោក ជឺនបូរាណ ច័ន្ទបូរី ឯកអគ្គរាជទូតប្រចាំនៅប្រទេសអូស្រ្តាលី លោក ជា ធីរៈ ឯកអគ្គរាជទូតប្រចាំនៅប្រទេសគុយបា លោក ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតប្រចាំនៅប្រទេសរុស្សី លោក ជុំ អង្គវិចិត្រ ឯកអគ្គរាជទូតប្រចាំនៅប្រទេសមីយ៉ាន់ម៉ា លោក លឹម ហុកសេង ឯកអគ្គរាជទូតប្រចាំនៅប្រទេសប្រ៊ុយណេ និងលោក អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតប្រចាំនៅប្រទេសម៉ាឡេស៊ី។

នៅក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរចំពោះឯកអគ្គរាជទូតទាំង៨រូបដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាឯកអគ្គរាជទូតថ្មីប្រចាំប្រទេសទាំង៨នេះ។ ជាមួយគ្នានេះ សម្តេចបានផ្តាំផ្ញើចំពោះឯកអគ្គរាជទូតទាំង ៨រូបត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យបានល្អដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជណាចក្រកម្ពុជា និងប្រទេសដែលខ្លួនតាំងនៅទាំងពេលបច្ចុប្បន្ន និងតទៅអនាគតយូរអង្វែង។ ដើម្បីសម្រេចបំណងនេះ ត្រវយកចិត្តទុកដាក់ទំនាក់ទំនងល្អជាមួយនឹងបណ្តាស្ថាប័ន និងជាមួយប្រជាជននៃប្រទេសនីមួយៗឲ្យបានល្អប្រសើរ។

សម្ដេចវិបុលសេនាបន្ថែមថា ទន្ទឹមនឹងនេះ ត្រូវក្តាប់ជាប់ និងគិតគូរដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរដែលរស់នៅប្រកបអាជីវកម្ម និងធ្វើការងារនៅប្រទេសដែលខ្លួនតាំងនៅ។ ទោះបីស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយនឹងឯកអគ្គរដ្ឋទូត-រាជទូត នៃប្រទេសនានាប្រចាំនៅប្រទេសដែលខ្លួនតាំងនៅ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនជូនដល់ឯកអគ្គរាជទូតទំាង អស់ត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយពន្យល់អំពីសភាពការណ៍ពិត និងការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជូនដល់សាធារណៈមតិជាតិ និងអន្តរជាតិ ជាពិសេសនៅប្រទេសដែលកំពុងបំពេញភារកិច្ច។

សម្ដេចថា៖ «ត្រូវផ្តល់ព័ត៌មានឲ្យបានរហ័សចំពោះសភាពការណ៍ជាក់ស្តែងរបស់កម្ពុជា និងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរមកកម្ពុជាឲ្យបានកាន់តែច្រើន ព្រមទាំងផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ដ៏ល្អរបស់កម្ពុជា»។

តំណាងឯកអគ្គរាជទូតទំាងអស់លោក កុយ គួង បានប្តេជ្ញានៅចំពោះមុខសម្តេចប្រធានព្រឹទ្ធសភាថានឹងខិតខំបំពេញភារកិច្ចកាទូតដោយសក្តិសមជាតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ។

លោក និងឯកអគ្គរាជទូតទំាងអស់បានសន្យាថា នឹងខិតខំអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចប្រធានព្រឹទ្ធសភា និងខិតខំថែរក្សាផ្សព្វផ្សាយអំពីប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើរជាមួយនឹងប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត-រដ្ឋទូតប្រទេសផ្សេងៗទៀត ព្រមទាំងខិតខំទាក់ទាញវិនិយោគិន និងអ្នកទេសចរឲ្យមកកម្ពុជាបានកាន់តែច្រើន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់កិត្យានុភាពនៅក្នុងតំបន់ និងលើពិភពលោក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក