ភ្នំពេញ៖ កូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺលោកស្រី Paetongtarn Shinawatra នៅពេលថ្មីៗនេះបានប្រកាសត្រៀមខ្លួនជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតនៅប្រទេសថៃនៅឆ្នាំនេះ ខណៈដែលបក្សប្រឆាំងដ៏ធំមួយនេះបាននិងកំពុងព្យាយាមស្វែងរកអំណាចឡើងវិញ។ នេះជាធនធានទី៣របស់គណបក្សភឿថៃ ដែលជាឈាមត្រកូល ស៊ីណាវ៉ាត្រា ប្រឡូកចូលនយោបាយ។
តែបើពិនិត្យមកមើលគណបក្សប្រឆាំងនៅកម្ពុជារហូតមកដល់ពេលនេះគេពុំឃើញមានធនធានយុវជនគណបក្សប្រឆាំងណាដែលលេចធ្លោ ឬជាប់ឈាមត្រកូលអ្នកនយោបាយបន្តការតស៊ូពីឪពុកម្ដាយរបស់គេនោះទេ។
តើហេតុអ្វីបក្សប្រឆាំងមិនអាចរៀបចំឱ្យមានយុវជនជំនាន់ក្រោយបន្តការងាររបស់ខ្លួន?
បើពិនិត្យលើអ្នកនយោបាយប្រឆាំងនៅកម្ពុជាត្រកូលចំនួន២ដែលលេចធ្លោគឺ ត្រកូល កឹម របស់លោក កឹម សុខា និងត្រកូលសម របស់លោក សម រង្ស៊ី តែទោះជាយ៉ាងណារហូតមកដល់ពេលនេះគេមិនទាន់ឃើញកូនប្រុសស្រី ឬសាច់ឈាមនៃត្រកូលទាំងពីរនេះប្រឡូកចូលក្នុងនយោបាយនៅឡើយទេ ខណៈដែលយុវជនដែលជាវង្សត្រកូលរបស់គណបក្សដឹកនាំរដ្ឋាភិបាលកម្ពុជាបានបញ្ចេញជាបន្តបន្ទាប់ក្នុងនោះក៏បានកំណត់ឯកភាពដល់កូនរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជននាពេលអនាគតផងដែរ។
អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា បានលើកឡើងថាឥទ្ធិពល និងស្នាដៃរបស់ត្រកូលថាក់ស៊ីននៅក្នុងប្រទេសថៃនៅតែមានឥទ្ធិពលដែលធ្វើឱ្យពលរដ្ឋទុកចិត្តដែលជាឈ្នាន់សម្រាប់យុវជនជំនាន់ក្រោយ និយាយឱ្យចំគឺត្រកូលថាក់ស៊ីនជំនាន់ក្រោយត្រូវបានពលរដ្ឋប្រទេសនេះទទួលស្គាល់។ លោកថាបើក្រឡេកមើលស្នាដៃរបស់មេដឹកនាំប្រឆាំងនៅកម្ពុជាវិញគឺមិនទាន់មានស្នាដៃណាដែលអាចធ្វើឱ្យពលរដ្ឋទុកចិត្តលើត្រកូលអ្នកប្រឆាំងនេះនៅឡើយ។
លោកថា៖ «ជាពិសេសគណបក្សប្រឆាំងក្រៅរដ្ឋាភិបាលគេជឿតែលើអ្នកដឹកនាំណាមួយ ព្រោះអ្នកដឹកនាំទាំងអស់ហ្នឹងមកថ្មីគេមិនទាន់ឱ្យតម្លៃទេ ព្រោះដាក់អ្នកថ្មីជំនាន់ថ្មីរបស់បក្សប្រឆាំងមកក៏រកការគាំទ្រពីប្រជាពលរដ្ឋអត់បានទេ! ដោយសារតែអ្នកចាស់ៗហ្នឹងគាត់ធ្វើការមកមិនទាន់អាចផ្ដល់សេចក្ដីទុកចិត្តជឿទាំងស្រុងទេ»។
សម្រាប់គណបក្សប្រឆាំងក្រៅពីអ្នកចាស់មិនមានស្នាដៃដែលឱ្យពលរដ្ឋទុកចិត្តលោក ឯម សុវណ្ណារ៉ា យល់ថានៅមានបញ្ហាមួយចំនួនទៀតគឺកង្វះការរៀបចំរចនាសម្ព័ន្ធ គ្មានកំណែទម្រង់ប្រជាធិបតេយ្យពិតប្រាកដ និងច្បាប់ផ្ទៃក្នុងរបស់គណបក្ស។
លោកថា៖ «ឧទាហរណ៍គណបក្សប្រជាជនគេជ្រើសតាំង(យុវជនជំនាន់ក្រោយ)តាមការជ្រើសតាំង ឬក៏បោះឆ្នោតផ្ទៃក្នុងវាមិនប្រជាធិបតេយ្យពេញលេញតែក៏ជារូបភាពមួយដែលយើងមើលឃើញដែរ ក៏ប៉ុន្ដែគណបក្សប្រឆាំងយើងអត់ឃើញមានរចនាសម្ព័ន្ធនៃការជ្រើសតាំងហ្នឹងទេ»។
ទោះជាយ៉ាងណាសម្រាប់ធនធានយុវជនជំនាន់ក្រោយទោះបីជាគណបក្សប្រជាជនមានរចនាសម្ព័ន្ធ និងបានត្រៀមរៀបចំរួចហើយនោះលោក ឯម សុវណ្ណារ៉ា យល់ថាពលរដ្ឋនៅតែមិនទាន់អាចទទួលស្គាល់ច្រើនដូចធនធានជំនាន់មុនរបស់បក្សនេះផងដែរ ដែលទាមទារឱ្យយុវជនជំនាន់ក្រោយទាំងនោះបន្ស៊ីខ្លួនបន្ថែមទៀតជាមួយប្រជាពលរដ្ឋ។
សម្រាប់ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា ក៏យល់ប្រហាក់ប្រហែលគ្នាទៅនឹងលោក ឯម សុវណ្ណារ៉ា ផងដែរត្រង់ថាគណបក្សប្រឆាំងនៅកម្ពុជាមិនបានបន្សល់មរតកអ្វីដែលសំខាន់នោះទេ ភាគច្រើនប្រើវោហាសន៍វាយប្រហារជាជាងការដាក់ចេញគោលនយោបាយសម្រាប់ការអភិវឌ្ឍជាតិ ហើយគ្មានគោលដៅណាក្នុងការរៀបចំឱ្យយុវជនដែលមានឈាមបន្តពីឪពុកម្ដាយបន្តវេន។
លោកថា៖ «និយាយពីបក្សប្រឆាំងនេះគឺចាស់ៗគាត់នៅដដែលតាំងពីឆ្នាំ១៩៩៤ មករហូតដល់ឥឡូវហ្នឹងគឺអ្នកដែលធ្លាប់ជាតួអង្គនយោបាយសំខាន់ក្នុងមជ្ឈដ្ឋានបក្សប្រឆាំងនៅតែជាតួអង្គប៉ុន្មាននាក់ហ្នឹងដដែលគឺអត់ទាន់បានរំលេចតួអង្គយុវជនដែលជាអ្នកបន្តវេន។ ហើយយុវជនដែលធ្វើសកម្មភាពផ្ទាល់ភាគច្រើននៅថ្នាក់ក្រោមជាតិអញ្ចឹងហើយបានជាយើងឃើញថាយុវជនសម្រាប់ក្រុមប្រឆាំងហ្នឹងគឺអត់ទាន់មានអាចជាអត់មានផែនការ ឬអត់មានធនធានមនុស្ស។ យុវជនខ្លួនឯងក៏អត់អាចត្រៀមខ្លួនៗឯងសម្រាប់មកបន្តវេនដែរ»។
សម្រាប់លោកបណ្ឌិត គិន ភា បញ្ហាដែលធ្វើឱ្យក្រុមប្រឆាំងពុំមានកម្លាំង និងការរៀបចំយុវជនបន្តវេនបាននោះគឺដោយសារការបែកបាក់កម្លាំង ខ្សត់ខ្សោយហិរញ្ញវត្ថុ គ្មានរចនាសម្ព័ន្ធរឹងមាំ ហើយបទបញ្ជាផ្ទៃក្នុង និងលក្ខន្ដិកៈគណបក្សក៏នៅទាន់រឹងមាំផងដែរ។
លោកថា៖ «វាពិបាកនឹងរកគណបក្សដែលខ្លាំងដែលអាចក្លាយជាដៃគូប្រកួតប្រជែងដែលសាកសមជាមួយគណបក្សប្រជាជនកម្ពុជាណាស់»។
បើតាមលោក គិន ភា ការដែលគណបក្សប្រឆាំងមិនអាចរៀបចំឱ្យមានយុវជនជំនាន់ក្រោយបន្តការងាររបស់ខ្លួនគឺមកពីគណបក្សខ្លួនឯងផ្ទាល់តែម្ដងដែលពុំមានចក្ខុវិស័យសម្រាប់ការប្រកួតប្រជែងរយៈពេលវែងជាមួយបក្សកាន់អំណាច កង្វះរចនាសម្ព័ន្ធ គ្មានយន្តការច្បាស់លាស់ក្នុងការជ្រើសអ្នកបន្តវេន និងជាពិសេសនោះគឺមេដឹកនាំជំនាន់មុនរបស់បក្សនេះមិនទាន់បង្កើតបានស្នាដៃអ្វីដែលធ្វើឱ្យប្រជាជនខ្មែរចាប់អារម្មណ៍នោះទេ។
កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។
អ្នកវិភាគឱ្យជាយោបល់ថាគណបក្សនីមួយៗគឺមានយន្តការគោលនយោបាយរបស់បក្សច្បាស់លាស់ក្នុងការជ្រើសរើសយុវជនបន្តវេន ដើម្បីជាការលើកទឹកចិត្តឱ្យយុវជនជំនាន់ក្រោយទាំងនោះបានត្រៀមខ្លួនចូលរួមសកម្មភាពច្រើន។ ភាពច្បាស់លាស់នៃយន្តការនឹងបង្កើតឱ្យមានរចនាសម្ព័ន្ធច្បាស់លាស់ និងការបន្តវេនត្រឹមត្រូវ ហើយយុវជនជំនាន់ក្រោយក៏បានត្រៀមខ្លួនរួចរាល់ចូលក្នុងសង្វៀននយោបាយផងដែរ៕