ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋបាលខេត្តបាត់ដំបងកំពុងកែប្រែក្រុងបាត់ដំបងឱ្យក្លាយជាទីក្រុង Smart City នៅថ្ងៃអនាគត

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងកំពុងតែរៀបចំកែប្រែក្រុងបាត់ដំបងក្លាយជាទីក្រុងវៃឆ្លាត (Smart City) នៅថ្ងៃអនាគត ដែលជាទីក្រុងប្រកបទៅដោយបច្ចេកវិទ្យាទំនើប មានផាសុកភាព មានសោភ័ណភាព សណ្តាប់ធ្នាប់ល្អ និងបរិស្ថានល្អ។

អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តបាត់ដំបង» នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រីថា ក្រុងចំនួន៣ នៅកម្ពុជាត្រូវបានជ្រើសរើសជាទីក្រុងវៃឆ្លាត គឺក្រុងបាត់ដំបង ក្រុងភ្នំពេញ និងក្រុងសៀមរាប។

លោកថ្លែងថា គម្រោងរៀបចំទីក្រុងទាំង៣ឱ្យក្លាយ Smart City នេះ គឺជារឿងថ្មីសម្រាប់កម្ពុជា ប៉ុន្តែជារឿងចាស់សម្រាប់បណ្តាប្រទេសមួយចំនួន។ លោកបន្តថាមានកិច្ចការងារជាច្រើនដែលខាងខេត្តនីមួយៗត្រូវអនុវត្តដើម្បីធ្វើយ៉ាងណាសម្រេចបាននូវគោលដៅនេះ។

លោក សុខ លូ បានអះអាងថា ខាងខេត្តកំពុងតែអនុវត្តកិច្ចការងារមួយចំនួនដើម្បីឈានទៅក្លាយជាទីក្រុងវៃឆ្លាត។ កិច្ចការទាំងនោះមានដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ការរៀបចំប្រព័ន្ធលូ បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម។

លោកបន្ត ជាមួយនេះខេត្តក៏កំពុងតែរៀបចំសារមន្ទីរខេត្តបាត់ដំបងក្លាយជាសារមន្ទីរវៃឆ្លាតដែលអាចចូលទៅទស្សនា និងអាចស្តាប់ដឹងពីប្រវត្តិវត្ថុបូរាណនៅក្នុងសារមន្ទីរ ព្រមទាំងរៀបចំស្ទឹងសង្កែវៃឆ្លាតដែលកន្លែងដើរហាត់ប្រាណ មានចំណតរថយន្ត ប្រព័ន្ធ WiFi សាធារណៈ និងមានសួនច្បារ។

លោកនិយាយថា៖ ក្រុងបាត់ដំបងយើងកំពុងតែរៀបចំក្នុងការស្តារ និងធ្វើប្រព័ន្ធលូរំដោះទឹកទាំងទឹកកង្វក់ និងទឹកភ្លៀងនៅក្រោមដី ទាំងផ្នែកខាងកើតស្ទឹង និងផ្នែកខាងលិចស្ទឹង។ យើងកសាងទីលានចាក់សំរាមធំថ្មី ដើម្បីរំដោះសំរាមពីទីក្រុងបាន ដែលនេះក៏ស្ថិតក្នុងគម្រោងដែរ។ Smart City បាន ទាល់តែអស់សំរាមពីទីក្រុង យើងកំពុងតែសិក្សាធ្វើម៉េចឱ្យអស់សំរាម ជាមួយអ្នកជំនាញ ក្រសួងបរិស្ថាន បណ្តាអង្គការមួយចំនួន ដោយថ្ងៃក្រោយរដ្ឋបាលក្រុងនឹងរៀបចំឱ្យ App សម្រាប់គ្រប់គ្រងសេវាប្រមូលសំរាម និងមានធុងសំរាមវៃឆ្លាត»។

បើតាមលោក សុខ លូ ក្នុងអំឡុងរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងបាត់ដំបង គឺបានផ្តល់ផលលំបាកមួយចំនួនដល់ពលរដ្ឋ។ លោកបានសុំការអធ្យាស្រ័យដល់ពលរដ្ឋ និងបានប្រាប់ដល់ពលរដ្ឋថា ប្រសិនជាមិនអនុវត្តកិច្ចការងារទាំងនោះទេ នោះក៏គ្មានការអភិវឌ្ឍទៅមុខឡើយ។

លោកថា៖ «សុខចិត្តទ្រាំការលំបាកក្នុងរយៈពេលខ្លី ដើម្បីមានងាយស្រួល និងទទួលបានផលប្រយោជន៍នៅថ្ងៃអនាគតរយៈពេលយូរអង្វែង»

លោកគូសបញ្ជាក់ថា បច្ចុប្បន្ននេះមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនប្រទេសជប៉ុនបានបញ្ជូនអ្នកជំនាញមកកម្ពុជាដើម្បីសហការ និងជួយសិក្សាអំពីគម្រោងអភិវឌ្ឍនានានៅក្នុងខេត្តបាត់ដំបង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក