ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ បានជូនដំណឹងថា ក្នុងអំឡុងសប្តាហ៍ទី៤ នៃខែមករា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នេះ កម្ពុជាបន្តទទួលឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅខ្លាំង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី ១៥ ដល់ ២០អង្សា ក្នុងសីតុណ្ហភាពអតិបរមាពី ២៨ ដល់ ៣១អង្សា ដែលធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង។ ជាពិសេសខេត្តរតនៈគិរី មណ្ឌលគិរី ព្រះវិហារ និងឧត្ដរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥ ដល់ ១៧អង្សា នៅពេលព្រឹកនិងនៅពេលយប់។
ដោយឡែកតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ១៨ ដល់ ២២អង្សា និង សីតុណ្ហភាពអតិបរមាពី ២៨ ដល់ ៣៣អង្សា ហើយអាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម។
រីឯតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២១ ដល់ ២៣អង្សា សីតុណ្ហភាពអតិបរមាពី ៣០ ដល់ ៣៣អង្សា ដែលនឹងអាចមានខ្យល់បក់បោក លាយឡំ និងរលកសមុទ្រខ្ពស់។
ជាមួយគ្នានេះដែរ ក្រសួងធនធានទឹក បានអំពាវនាវដល់សាធារណជន បន្តបង្កើនការប្រុងប្រយ័ត្ន ចំពោះស្ថានភាពចុះត្រជាក់៕