រុស្សី៖ រដ្ឋាភិបាលរុស្សី នៅថ្ងៃចន្ទ ទី២៣ ខែមករានេះ បានប្រកាសបដិសេធដាច់ខាតចំពោះការកំណត់កាលបរិច្ឆេទថ្មីលើការចរចាជាមួយសហរដ្ឋអាមេរិក ជុំវិញសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ New START ដោយចោទប្រកាន់ទៅលើសហរដ្ឋអាមេរិកថាបានបង្កើនភាពតានតឹងរវាងភាគីទាំងពីរ។
កិច្ចពិភាក្សារវាងទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ស្តីពីការបន្តអធិការកិច្ចក្រោមសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ New START ត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសអេហ្ស៊ីប ប៉ុន្តែក្រោយមកភាគីបានបានប្រកាសលើកពេល និងបានសម្រេចពិចារណាលើកាលបរិច្ឆេទថ្មីនៃការជួបគ្នាម្តងទៀត។
លោក Sergei Ryabkov ជាមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសរុស្សីបានលើកឡើងថា ស្ថានភាពពេលនេះពុំស័ក្តិសមសម្រាប់ការកំណត់កាលបរិច្ឆេទថ្មីនៃការជួបចរចាទៅលើបញ្ហាសន្ធិសញ្ញានោះឡើយ ដោយអះអាងទៅលើការគ្រប់គ្រងចំនួនក្បាលគ្រាប់នុយក្លេអ៊ែរគឺជាយុទ្ធសាស្រ្តរបស់ភាគីនីមួយៗ។
បញ្ហាញាំញីនៃការចុះខ្សោយទៅលើទំនាក់ទំនងការទូតរវាងរុស្សី និងសហរដ្ឋអាមេរិក កាន់តែខ្លាំងក្លា និងតានតឹងឡើយ ក្រោយការផ្ទុះឡើងនូវសង្គ្រាមឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែនកាលពីឆ្នាំមុន ខណៈដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងក្រុមប្រទេសជាសម្ព័ន្ធមិត្តបានប្រកាសរួមគ្នាដោយការរារាំង និងដាក់ទណ្ឌកម្មប្រឆាំងទៅលើផ្នែកសេដ្ឋកិច្ចរបស់រុស្សី។
កន្លងមក មានការជោគជ័យផ្នែកការទូតម្តងម្កាលដែរ តួយ៉ាងដូចជាការដោះដូរអ្នកទោសក្នុងពន្ធនាគារនូវទាហានជើងចាស់របស់អាមេរិក លោក Trevor Reed និងតារាបាល់បោះ Brittney Griner ជាដើម ក្រៅពីនេះហាក់ដូចជាមិនមានជោគជ័យជាដុំកំភួនណាមួយកើតឡើងឡើយក្នុងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមួយរយៈចុងក្រោយនេះ។
រដ្ឋាភិបាលទីក្រុងម៉ូស្គូបាននិយាយកាលពីខែវិច្ឆិកាថា ខ្លួនមិនមានជម្រើសអ្វីផ្សេងក្រៅពីការលុបចោលកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកជុំវិញការត្រួតពិនិត្យអាវុធនុយក្លេអ៊ែរក្រោមសន្ធិសញ្ញា New START ខណៈដែលសន្ធិសញ្ញាគ្រោងនឹងផុតកំណត់នៅខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ៕