អ៉ីស្រាអែល៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃអាទិត្យ បានប្រកាសដករដ្ឋមន្រ្តីជាន់ខ្ពស់មួយរូប ស្របតាមសេចក្តីសម្រេចរបស់តុលាការកំពូលប្រឆាំងនឹងការតែងតាំងលោក Aryeh Deri ដែលបានធ្វើឱ្យរង្គោះរង្គើគណៈរដ្ឋមន្ត្រីនាចុងសប្តាហ៍នេះ។
មេដឹកនាំគណបក្សជ្វីហ្វជ្រុលនិយមអូតូដក់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការក្នុងការវិលមកកាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តី Netanyahu បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី០១ ខែវិច្ឆិការបស់ប្រទេសអ៉ីស្រាអែល។ លោកនាយករដ្ឋមន្រ្តីបានតែងតាំងលោក Aryeh Deri ជារដ្ឋមន្រ្តីសុខាភិបាល និងជារដ្ឋមន្រ្តីមហាផ្ទៃកាលពីខែធ្នូ ឆ្នាំ២០២២កន្លងទៅ ប៉ុន្តែកាលពីថ្ងៃពុធសប្តាហ៍មុន តុលាការកំពូលបានបង្គាប់ឱ្យលោក Netanyahu ត្រូវតែដកលោក Deri ចេញពីតំណែង ដោយសារតែមានការពាក់ព័ន្ធនឹងការកាត់ទោសលើបញ្ហាគេចពន្ធនាពេលថ្មីៗនេះ។
យោងតាមសេចក្តីប្រកាសផ្លូវការមួយចេញដោយខុទ្ទកាល័យនាយករដ្ឋមន្រ្តីបានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី Netanyahu បានប្រាប់ទៅកាន់លោក Aryeh Deri ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីយ៉ាងដូច្នេះថា៖ "វាជាការសម្រេចចិត្តដ៏ធ្ងន់ធ្ងរ ព្រមជាមួយក្តីស្រណោះ និងអារម្មណ៍៍ដ៏លំបាកបំផុតមួយ ដែលលោកត្រូវបង្ខំចិត្តដកតំណែងរដ្ឋមន្រ្តីរបស់លោក (Deri)"។
យ៉ាងណាមិញ ក្រោយមកលោក Aryeh Deri បានចេញមុខថ្លែងថា លោកនឹងបន្តផ្សព្វផ្សាយរបៀបវារៈរបស់រដ្ឋាភិបាល និងនៅតែបន្តចូលរួមកិច្ចប្រជុំទៀងទាត់របស់មេដឹកនាំនៃគណបក្សចម្រុះ។ លោកថ្លែងថា៖ "គ្មានសេចក្តីសម្រេចផ្លូវច្បាប់ណាមួយដែលរារាំងខ្ញុំពីការបម្រើម្ចាស់ឆ្នោតដែលគាំទ្រខ្ញុំឡើយ"។
គួររំឮកថា កាលពីឆ្នាំមុន លោក Deri ត្រូវបានតុលាការផាកពិន័យជាប្រាក់ចំនួន ១៨០,០០០ ស៊ីគែល (រូបិយបណ្ណអ៉ីស្រាអែល) ដែលស្មើនឹងប្រមាណជា ៥ម៉ឺនដុល្លារអាមេរិក និងតម្រូវឱ្យចាកចេញពីតំណែងក្នុងសភារបស់លោក ប៉ុន្តែលោកបានឈរឈ្មោះក្នុងជួររដ្ឋាភិបាលសាជាថ្មីម្តងទៀត ក្រោយការស្ទង់មតិ និងបោះឆ្នោតនាខែវិច្ឆិកា ឆ្នាំ២០២២។
យោងតាមសេចក្តីសម្រេចសង្ខេបរបស់តុលាការបានបង្ហាញថា ការតែងតាំងលោក Deri ជារដ្ឋមន្រ្តីពិតជារឿងដែលពិបាកទៅរួច ត្បិតការតែងតាំងនេះវាហាក់ដូចជាមិនសមហេតុផលខ្លាំងណាស់៕