ភ្នំពេញ៖ ថ្ងៃចូលឆ្នាំចិន២ថ្ងៃចំថ្ងៃចុងសប្តាហ៍ទី៣នៃខែមករា ឆ្នាំ២០២៣ មានមនុស្សចំនួន ៨នាក់បានស្លាប់ និង៤៧នាក់បានរងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃសែនចូលឆ្នាំចិនថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ មានអ្នកស្លាប់ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣នាក់ (ស្រី១នាក់) របួសធ្ងន់ចំនួន ១០នាក់ (ស្រី២នាក់) និងរបួសស្រាលចំនួន ៤នាក់ (ស្រី១នាក់)។
ចំពោះនៅថ្ងៃចូលឆ្នាំចិនទី១ គឺថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ មានមនុស្សស្លាប់ចំនួន ៥នាក់ របួសធ្ងន់ចំនួន ២៦នាក់ (ស្រី៦នាក់) និងរបួសស្រាលចំនួន ៧នាក់ (ស្រី១នាក់)។
តាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ២៥លើកត្រឹមតែរយៈពេល២ថ្ងៃនៃចុងសប្តាហ៍កន្លងទៅនេះ។
ជាមួយគ្នានេះនៅថ្ងៃសែនចូលឆ្នាំចិន ក៏មានករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋជាច្រើនករណីផងដែរ ហើយភាគច្រើនកើតឡើងដោយសារតែខ្វះការប្រុងប្រយ័ត្នក្នុងការអុជធូបសែន និងក្រដាសសែន។ ក្នុងនោះឆេះផ្ទះពលរដ្ឋមួយកន្លែងក្នុងសង្កាត់៤ ក្រុងព្រះសីហនុ ដោយសារការអុជធូបសែនទុកចោលខ្វះការប្រឹងប្រយ័ត្ន។ នៅក្នុងថ្ងៃនោះដែរ អគ្គិភ័យក៏បានឆាបឆេះការ៉ាស់សាំងមួយកន្លែងនៅក្នុងសង្កាត់សៀមរាប ខេត្តសៀមរាប។ ជាមួយគ្នានេះ អគ្គិភ័យក៏បានឆាបឆេះព្រៃរបោះ ក្នុងដីឡូត៍ទុកចោលមួយកន្លែង បណ្តាលមកពីការដុតក្រដាសសែនរួចហើរតាមខ្យល់ធ្វើឲ្យភ្លើងឆេះតែម្តង។
សម្រាប់នៅថ្ងៃទី២២ ខែមករា ផ្ទះពលរដ្ឋមួយខ្នងទៀតនៅក្នុងភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក៏ត្រូវបានភ្លើងលាបត្របាក់ ប៉ុន្តែមិនបណ្តាលឱ្យមនុស្សរងរបួសឡើយ។ ជាមួយគ្នានេះអគ្គិភ័យក៏បានឆាបឆេះផ្ទះពលរដ្ឋមួយខ្នងទៀតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបណ្តាលមកពីការដុតធូបសែន។ នៅថ្ងៃនោះទៀតសោត ក៏បាននាំឱ្យមានអណ្តោតភ្លើងឆេះផ្ទះពលរដ្ឋមួយខ្នងទៀតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យផងដែរ៕