តួកគី៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានប្រកាសថា ប្រទេសតួកគីអាចនឹងរៀបចំការបោះឆ្នោតនាថ្ងៃទី១៤ ខែឧសភាខាងមុខនេះ ដែលកាលបរិច្ឆេទនេះលឿនជាងកាលបរិច្ឆេទដែលបានគ្រោងទុកជាងមួយខែ ដែលជាការសាកល្បងដ៏តានតឹងមួយសម្រាប់លោក ក្នុងនាមជាមេដឹកនាំនៃរដ្ឋាភិបាលជាងពីរទស្សវត្ស។
ការិយាល័យប្រធានាធិបតីបានបញ្ចេញវីដេអូមួយកាលពីថ្ងៃអាទិត្យ ទី២២ ខែមករានេះ ដោយលោក Erdogan បានប្រកាសពីការកំណត់កាលបរិច្ឆេទបោះឆ្នោតក្នុងអំឡុងពេលជួបជាមួយអ្នកបោះឆ្នោតវ័យក្មេងនៅខេត្ត Bursa ភាគពាយ័ព្យប្រទេសតួកគីកាលពីល្ងាចថ្ងៃសៅរ៍ ទី២១ ខែមករា។
លោក Erdogan បានថ្លែងប្រាប់មនុស្សក្នុងការជួបជុំនោះថា៖ "ខ្ញុំមានអំណរគុណចំពោះព្រះដែលយើងនឹងដើរនៅក្បែរគ្នាជាមួយយុវជន គឺយុវជនដែលនឹងបានចូលរួមបោះឆ្នោតលើកដំបូងបង្អស់នាថ្ងៃទី១៤ ខែឧសភាខាងមុខនេះ"។
ការស្ទង់មតិបង្ហាញថាការបោះឆ្នោតសភា និងការបោះឆ្នោតប្រធានាធិបតីនឹងមានភាពតឹងតែង ហើយនឹងកត់សម្គាល់ការសាកល្បងដ៏ធំបំផុតនូវអំណាចរបស់លោក Erdogan ក្នុងរយៈពេលពីរទសវត្សរ៍របស់លោក និងការកាន់កាប់អំណាចយោធាក្នុងតំបន់ តួនាទីក្នុងសមាជិកណាតូ និងសេដ្ឋកិច្ចទីផ្សារដែលកំពុងមានរីកចម្រើន។
ការបោះឆ្នោតប្រធានាធិបតី និងការបោះឆ្នោតសភារបស់ប្រទេសតួកគី គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា ប៉ុន្តែប្រធានាធិបតី Erdogan កន្លងមកធ្លាប់បានផ្តល់សញ្ញាថា ការបោះឆ្នោតអាចនឹងត្រូវធ្វើឡើងលឿនជាងការកំណត់។ មន្ត្រីនៃគណបក្ស AK របស់លោក Erdogan ធ្លាប់បាននិយាយពីមុនថា ការបោះឆ្នោតអាចនឹងធ្វើឡើងនៅខែមិថុនា នឹងស្របពេលនឹងរដូវវិស្សមកាលរដូវក្តៅដែលអំណោយផលសម្រាប់ប្រជាជនក្នុងការធ្វើដំណើរ៕