អារ៉ាប៊ីសាអូឌីត៖ គ្រូបង្គោលក្លិប Al Nassr លោក Rudi Garcia និយាយថា សមាជិកចំណូលថ្មីនៃក្រុមរបស់លោកគឺកីឡាករ Cristiano Ronaldo ពិតជាមានសារសំខាន់ក្នុងការជួយក្រុមឱ្យទទួលបានជ័យជម្នះលើក្រុម Al Ettifaq កាលពីថ្ងៃអាទិត្យម្សិលមិញ បើទោះបីជាពុំបានរកគ្រាប់បាល់បញ្ចូលទីក្នុងជ័យជម្នះនេះយ៉ាងណាក្តី។
កីឡាករ Anderson Talisca បានស៊ុតបញ្ចូលទី១គ្រាប់ និងជួយឱ្យក្រុមទទួលបានជ័យជម្នះ ១-០ លើក្រុម Al Ettifaq នាកីឡដ្ឋាន MRSOOL Park ខណៈ Ronaldo បានបង្ហាញខ្លួនជាលើកដំបូងក្នុងក្របខណ្ឌ Saudi Pro league ក្នុងនាមជាប្រធាន (captain) ក្រុម។
លោក Rudi Garcia បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌៌មានថា៖ "វាជាការបន្ថែមភាពវិជ្ជមាននៅពេលដែលអ្នកមានកីឡាករដូចជា Ronaldo ខណៈដែលគេបានជួយរំខានដល់ខ្សែការពារជាច្រើន ដែលជាអ្វីដែលសមស្របជាមួយនឹងគោលដៅរបស់យើង។ ការប្រកួតថ្ងៃនេះយើងបានបង្កើតឱកាសសម្រាប់ Ronaldo ផ្សាំខ្លួនជាមួយក្រុម ជាពិសេសជាមួយខ្សែប្រយុទ្ធ Talisca ហើយជាពិសេសការបង្ហាញខ្លួនលើកនេះ អាចនឹងលឿនពេកក្រោយការប្រកួតទល់នឹងក្រុម Paris Saint-germain ខណៈគេពុំទាន់បានសម្រាកគ្រប់គ្រាន់"។
ជ័យជម្នះបស់ Al Nassr កាលពីយប់មិញបានជួយក្រុមឱ្យឡើងមកកាន់កំពូលតារាងលីគកំពូលអារ៉ាប៊ីសាអូឌីតសាជាថ្មី ដោយមាន ៣៣ពិន្ទុ ក្រោយឆ្លងកាត់ ១៤ប្រកួត។ បច្ចុប្បន្ន Al Nassr នាំំមុខក្រុមលេខ ២ Al Hilal ដែលមាន ៣២ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់ ១៥ប្រកួត៕