ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទម្រាំតែវិស័យអប់រំឈានដល់ដំណាក់កាលដូចបច្ចុប្បន្ននេះ គឺរាជរដ្ឋាភិបាលបានខិតខំកសាងវិស័យមួយនេះពីបាតដៃទទេ ពោលតាំងពីរៀននៅសាលាក្រោមដំបូលធ្លុះធ្លាយ រហូតដល់មានការសិក្សានៅក្រោមការអភិវឌ្ឍជាច្រើន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) បញ្ចប់ការសិក្សាជិត ៧ពាន់នាក់ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដូច្នេះថា៖ «ជួនកាលពួកគេបានចេះដឹងនៅក្រោមដំបូលសាលាធ្លុះធ្លាយ និងក្រោមការកសាងរបស់កម្ពុជាទទួលការបណ្តុះបណ្តាលពីគ្រូរបស់យើង តែផ្ទុយទៅវិញបែរមកមើលស្រាលគុណភាពអប់រំរបស់កម្ពុជាទៅវិញ»។
សម្តេចតេជោ ទទួលស្គាល់ថា គុណភាពអប់រំនៅកម្ពុជាមិនទាន់ល្អប្រសើរពេញលេញនៅឡើយទេ ជាមួយនឹងគុណភាពអប់រំនៅតាមបណ្តាប្រទេសមួយចំនួនទៀតក៏នៅតែមិនទាន់គ្រប់គ្រាន់នៅឡើយ ខណៈកម្ពុជា និងប្រទេសដទៃកំពុងតែខិតខំពង្រឹងក្នុងការកំណែទម្រង់នៃវិស័យអប់រំ ស្របពេលកំពុងតែឆ្លើយតបនឹងបញ្ហាប្រឈមនានាផងដែរ៕