ប្រេស៊ីល៖ រយៈពេលត្រឹមប៉៉ុន្មានសប្តាហ៍ប៉ុណ្ណោះក្រោយការចូលកាន់តំណែង និងស្របពេលអំពើហិង្សា និងការបះបោរដ៏ធំកំពុងកើតឡើងនៅរដ្ឋធានី Brasilia លោកប្រធានាធិបតីឆ្វេងនិយម Luiz Inacio Lula da Silva ដែលទើបឈ្នះឆ្នោត បានប្រកាសពីការចេញទៅបំពេញទស្សនកិច្ចក្រៅប្រទេសនៅថ្ងៃអាទិត្យនេះ ដែលជាការបង្ហាញខ្លួនក្នុងនាមជាមេដឹកនាំថ្មីរបស់ប្រេស៊ីលជាលើកដំបូងបង្អស់។
លោក Lula នឹងធ្វើដំណើរទៅកាន់ប្រទេសអាហ្សង់ទីន ដែលជាដែនដីបរទេសដំបូងបង្អស់ដែលប្រធានាធិបតីប្រេស៊ីលតែងតែធ្វើដំណើរទៅដំបូងគេក្នុងពេលកាន់តំណែងដែលស្ទើរតែក្លាយជាប្រពៃណីមួយទៅហើយ ក៏ប៉ុន្តែលើសពីនេះ លោក Lula ក៏នឹងអាចណាត់ជួបជាមួយសម្ព័ន្ធមិត្ដដ៏ស្មោះត្រង់បំផុតរបស់លោកគឺលោកប្រធានាធិបតី Alberto Fernandez ក៏ដូចជាសមភាគីក្នុងតំបន់នៅក្នុងកិច្ចប្រជុំកំពូលនៃសហគមន៍នៃរដ្ឋអាមេរិកឡាទីន និងការាបៀន (CELAC)។
លោក Lula បាននិយាយនៅក្នុងពិធីស្បថរបស់លោកក្រោយពេលឈ្នះឆ្នោតកាលពីថ្ងៃទី៣០ ខែតុលា ដែលបានលើកឡើងថា ប្រេស៊ីលត្រឡប់មកវិញហើយ ក្រោយការឈ្នះឆ្នោតលើលោកប្រធានាធិបតីស្តាំនិយម លោក Jair Bolsonaro ដែលកាន់តំណែងដោយការកត់សម្គាល់ថា ប្រេស៊ីលមានភាពឯកោលើឆាកអន្តរជាតិ។ ដោយឡែក ក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ Globo TV លោក Lula បាននិយាយថា គ្រប់ៗគ្នាចង់ជជែកជាមួយប្រេស៊ីល។ បន្ថែមពីនេះលោកក៏បានសន្យថា នឹងបង្កើតនូវទំនាក់ទំនងឡើងវិញរវាងរដ្ឋធានី Brasilia ជាមួយសហគមន៍អន្តរជាតិ។
តាមពិតទៅ អាមេរិកឡាទីនគ្រាន់តែជាដំណាក់កាលដំបូងនៃការជំរុញទំនាក់ទំនងជាអន្តរជាតិរបស់លោកប្រធានាធិបតី Lula ប៉ុណ្ណោះ ដោយលោកគ្រោងនឹងទទួលស្វាគមន៍វត្តមានអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ដែលនឹងបំពេញទស្សនកិច្ចនៅប្រេស៊ីល នាថ្ងៃទី ៣០ ខែមករានេះ ខណៈលោកនឹងបន្តធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជួបជាមួយលោកប្រធានាធិបតីអាមេរិក Joe Biden នាថ្ងៃទី១០ ខែកុម្ភៈខាងមុខផងដែរ។
លោក Lula បានធ្វើដំណើរដល់រដ្ឋធានី Buenos Aires នៅថ្ងៃអាទិត្យនេះ នឹងគ្រោងជួបពិភាក្សាជាមួយលោកប្រធានាធិបតី Fernandez នាថ្ងៃចន្ទស្អែកនេះ។ កន្លងមក ប្រធានាធិបតីអាហ្សង់ទីន ក៏ធ្លាប់បានធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីលរួចហើយសម្រាប់កិច្ចប្រជុំទ្វេភាគីដែលធ្វើឡើងនៅថ្ងៃទី០២ ខែមករា ពោលគឺត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ក្រោយការចូលកាន់តំណែងរបស់លោក Luiz Inacio Lula da Silva។ បើតាមក្រសួងការបរទេសប្រេស៊ីលបញ្ជាក់ថា ជំនួបរវាងមេដឹកនាំកំពូលទាំងពីរនៅថ្ងៃចន្ទស្អែកនេះ នឹងពិភាក្សាពីកិច្ចការពាណិជ្ជកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងវិស័យការពារជាតិ៕