អាមេរិក៖ ម្ចាស់ក្រុមហ៊ុន Twitter លោក Elon Musk បានប្រកាសនៅលើបណ្តាញសង្គម Twitter ផ្ទាល់ខ្លួនរបស់លោកថា អ្នកដែលទិញ (subscription) សេវាកម្មរបស់ Twitter នឹងឃើញនូវការផ្សាយពាណិជ្ជកម្មតិចជាងមុន ព្រមទាំងមានកម្រិតតម្លៃនៃការ subscription ដែលពុំមានលោតផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់អ្នកប្រើប្រាស់់តែម្តង។
សេចក្តីប្រកាសនេះបានធ្វើឡើង ក្រោយពេលដែលក្រុមហ៊៊ុនបណ្តាញសង្គមយក្សមួយនេះបានជួបប្រទះនូវភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់តាំងពីការចូលកាន់កាប់ក្រុមហ៊ុននេះដោយលោក Elon Musk កាលពីខែតុលា ឆ្នាំ២០២២។
លោក Elon Musk បានសរសេរនៅលើ Twitter របស់លោកថា៖ "ការផ្សាយពាណិជ្ជកម្មនៅលើ Twitter មានភាពញឹកញាប់ពេក និងទំហំធំពេក ដែលបញ្ហាទាំងពីរនេះនឹងត្រូវបានដោះស្រាយនៅរយៈពេល ២សប្តាហ៍បន្ទាប់"។ លោកបន្តថា សម្រាប់អ្នកដែលជ្រើសរើសប្រើសេវាកម្ម subscription អាចនឹងត្រូវចាយច្រើនជាងមុនបន្តិចសម្រាប់ការប្រើប្រាស់ Twitter ដែលពុំមានផ្ទាំងពាណិជ្ជកម្ម (Zero Ad)។
សេចក្តីប្រកាសនេះនឹងក្លាយជាការផ្លាស់ប្តូរយ៉ាងធំមួយនៅក្នុងគំរូអាជីវកម្មរបស់ Twitter ដែលកន្លងមកពឹងផ្អែកតែលើការផ្សាយពាណិជ្ជកម្ម ដែលជាគោលដៅដើម្បីបង្កើតប្រាក់ចំណូល មុនពេលចាប់ផ្តើមសេវាកម្មជាវ (Subscription) ដែលបង់ប្រាក់ពីសំណាក់អ្នកប្រើប្រាស់នៅពាក់កណ្តាលខែធ្នូចុងឆ្នាំមុន។
កន្លងមក នៅលើគេហទំព័រផ្លូវការរបស់ Twitter បានបញ្ជាក់ថា តម្លៃ Subscription គឺតម្រូវឱ្យអ្នកប្រើប្រាស់បង់ចំនួន ១១ដុល្លារអាមេរិកក្នុងមួយខែ (នៅក្នុងសហរដ្ឋអាមេរិក) ដែលអ្នកប្រើប្រាស់អាចទាញយកកម្មវិធីនេះបាននៅលើកម្មវិធី App Store លើ iOS និងនៅលើប្រព័ន្ធប្រតិបត្តិការ Play Store របស់ Android។ ដោយឡែក សម្រាប់អ្នកប្រើប្រាស់តាមកុំព្យូទ័រវិញ តម្លៃនៃការ Subscribe ចំនួន ៨ដុល្លារអាមេរិកក្នុងមួយខែ ឬបង់ប្រចាំឆ្នាំត្រឹមតែ ៨៤ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយឆ្នាំ។
ចំពោះកម្មវិធីថ្មីរបស់ Twitter ឬហៅថា Twitter Blue នេះ បច្ចុប្បន្នមានដាក់ឱ្យទាញយក និងប្រើប្រាស់បាននៅបណ្តាប្រទេសធំៗមួយចំនួនដូចជា សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស ណូវែលហ្សេឡង់ អូស្រ្តាលី និងជប៉ុន៕